កំពត៖ ពេញមួយឆ្នាំ២០២០កន្លងទៅនេះ ខេត្តកំពតដែលជាគោលដៅវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងទីផ្សារទេសចរណ៍ដ៏ទាក់ទាញ ទទួលបានកំណើនទុនវិនិយោគក្នុងវិស័យសំណង់សរុបចំនួន ៣៧លានដុល្លារ ទៅលើគម្រោងសំណង់៣០១គម្រោង មានផ្ទៃក្រឡាសរុបចំនួន ១០២២៨៥ម៉ែត្រការ៉េ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះថា បច្ចុប្បន្ននេះ វិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានជម្រុញការរីកលូតលាស់ នៃសេដ្ឋកិច្ចខេត្តកំពត។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពតនៅក្នុងឆ្នាំ២០២០ វិស័យសំណង់មានចំនួន៣០១គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង១០២,២៨៥ម៉ែត្រការ៉េ ដែលគិតជាតម្លៃទុនវិនិយោគស្មើនឹងប្រមាណ៣៧លានដុល្លាអាមេរិក កើន២,៧ភាគរយ និងចំនួនគម្រោងកើនឡើង៣៩ភាគរយធៀបនឹងឆ្នាំ២០១៩ ។
ជាមួយនឹងភាពរីកចម្រើន និងកំណើននៃគម្រោងអភិវឌ្ឍន៍ នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តនៅពេលនេះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់គណៈកម្មការខេត្ត ត្រួតពិនិត្យសំណង់គ្រប់ប្រភេទ ទាំងនៅតាមបណ្តាក្រុង ស្រុក ក៏ដូចជាទូទាំងខេត្ត ត្រូវបន្តចុះត្រួតពិនិត្យពង្រឹង និងតាមដានសកម្មភាពសំណង់ និងក្រុមជាងសំណង់ទាំងអស់ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ ហើយអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ ដោយដាក់ពាក្យសុំលិខិតអនុញ្ញាតសាងសង់ និងជួសជុលបណ្តាសំណង់គ្រប់ប្រភេទ។
ដូចគ្នានេះដែរ លោកបណ្ឌិត តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ R Investment Group បានបង្ហាញពីក្ដីសាទរ ទៅនឹងអ្វីដែលខេត្តកំពតទទួលបាននៅពេលនេះ ជាមួយនឹងការបញ្ជាក់ថា គម្រោងបណ្តាក់ទុនវិនិយោគ ដែលមានទំហំជាច្រើនលានដុល្លារខាងលើនេះ ដែលភាគច្រើន ជាការវិនិយោគទៅលើការបង្កើតតំបន់កម្សាន្តទ្រង់ទ្រាយធំ រួមជាមួយនឹងការសាងសង់លំនៅដ្ឋានបែបលំហែរកាយ។
លោកបណ្ឌិត បានបន្តទៀតថា “បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ” ។ លោកបន្តថា “ជាមួយនឹងសកម្មភាពដែលកំពុងបន្តអភិវឌ្ឍន៍ ក៏មានគម្រោងថ្មីបន្តបន្ទាប់ទៀត ដែលមិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពជាក់មិនខាន” ។
ជាមួយនឹងការបង្ហាញពីសក្ដានុពល ក្នុងការវិនិយោគខាងលើនេះ លោកបណ្ឌិត តេង រិទ្ធី ក៏បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន បែបលំហែរកាយនៅពេលបច្ចុប្បន្ន ត្រូវបានធ្វើឡើងជាច្រើនគម្រោង និងច្រើនកម្រិត ហើយតម្លៃក៏អាស្រ័យទៅតាមគម្រោងផងដែរ ដែលក្នុងនោះមានតម្លៃចាប់ពីជាង៣ទៅ ៤ម៉ឺនដុល្លារឡើងទៅសម្រាប់លំនៅដ្ឋានបែបលំហែរមួយខ្នង៕
ដោយ៖ បូ សល់