ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្ដមនាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអតីតប្រធានមូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តព្រះសីហនុ ដឹកនាំ មន្ត្រីខេត្តព្រះសីហនុ នាំយកថវិការបស់សប្បុរសជនខេត្តព្រះសីហនុចំនួន ១០០លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយពិនិត្យព្យា បាលកុមារកម្ពុជា ដែលមានជីវភាពខ្វះខាតនៅព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានរម្លឹកពីការងារដែលកាលឯកឧត្តមនៅជាអភិបាលខណ្ឌដូនពេញ បានមើលឃើញ ពីស្ថានភាពលំបាកជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ ដែលនាំកូនៗមកទទួលការព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្តម គួច ចំរើន បានបន្តថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ថ្ងៃនេះឯកឧត្តម ក៏បានដឹកនាំប្រតិភូខេត្តព្រះសីហនុ នាំយកថវិកាមូល និធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផារបស់ ខេត្តព្រះសីហនុ ចំនួន ១០០លានរៀល មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីប្រើប្រាស់ ក្នុងការជួយសង្គ្រោះកុមារកម្ពុជា។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន មូលនិធិគន្ធបុប្ផា បានថ្លែងអំណរគុណ និងអរគុណចំពោះគណៈកម្មការទ្រទ្រង់មូលនិធិគន្ធ បុប្ផាកម្ពុជា ខេត្តព្រះសីហនុ បានចូលរួមបរិច្ចាគថវិកាចំនួន ១០០លានរៀល ជូនមូលនិធិគន្ធ បុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាកិច្ចដំណើរការរបស់មន្ទីរពេទ្យ គន្ធបុប្ផាប្រព្រឹត្តិទៅដោយរលូនបន្តទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន