ភ្នំពេញ៖ តើអ្នកធ្លាប់គិតទេថា ពោះវៀនកង់ឡាន អាចប្រែក្លាយទៅជាកាបូបលុយ? អ្នកប្រហែលជាពិបាកស្រមៃណាស់ថាវាអាចទៅរួច ប៉ុន្តែសហគ្រាសសង្គម Kraftino បានធ្វើវាយ៉ាងជោគជ័យរួចទៅហើយ ដែលបានធ្វើឱ្យកាបូបលុយ Kraftino កំពុងវាយលុកទីផ្សារនៅ សហរដ្ឋអាមេរិក អង់គ្លេស កាណាដា នូវែលហ្សេឡង់ និង អូស្ត្រាលី ជាដើម។
លោក ប៊ុន ណារ៉ាទីតូ សហស្ថាបនិកនៃសហគ្រាសសង្គម Kraftino មានទីតាំងស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រាប់ក្រុមការងារ Khmer Tomorrow ឱ្យដឹងថា៖ «ដើមឡើយមុននឹងចាប់ផ្ដើមមុខរបរនេះ ខ្ញុំនិងមិត្តភ័ក្ករបស់ខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវទៅលើគំនិតច្នៃប្រឌិតមួយនេះ ហើយក៏បានប្រាប់វាទៅកាន់បងប្អូន និងអ្នកដែលបានស្គាល់ តែពួកគេមិនមានការជឿជាក់ និងគ្មានជំនឿថាពួកយើងអាចធ្វើបានជោគជ័យនោះទេ ហើយតែទាំងថាពួកយើងគិតអីប្លែកៗ។ ប៉ុន្តែរូបខ្ញុំផ្ទាល់ និងក្រុមការងារជឿថា អាចធ្វើវាបាន ព្រោះយើងបានសិក្សាទីផ្សារច្បាស់លាស់ ក៏ដូចជា នូវសមត្ថភាពការផលិត របស់ផលិតករខ្មែរយើង ហើយគំនិតនៃការកែច្នៃពោះវៀនកង់ឡាននេះ បានកើតឡើងដោយសារលោកមើលឃើញថា ពោះវៀនកង់ឡានដែលប្រើប្រាស់ហើយ នៅមានសភាពរឹងមាំ និងស្រស់ស្អាត អាចកែច្នៃទៅជារបស់ប្រើប្រាស់ផ្សេងៗបាន ទើបលោកនិងមិត្តភ័ក្កសម្រេចបង្កើតកាបូបកង់ឡាននេះឡើយ»។
លោក ប៊ុន ណារ៉ាទីតូ បានបញ្ជាក់ឲ្យដឹងថា៖ «ដំបូងមានខ្លះបានរអ៊ូរឿងនេះដែរ តែឥឡូវពួកគាត់ឈប់ថាហើយ ដោយពួកគាត់មានការយល់ដឹងច្រើនពីគុណតម្លៃនៃផលិតផលសិប្បកម្មរបស់ខ្មែរយើង ក៏ដូចជា អត្ថប្រយោជន៍នៃការគាំទ្រ និង ប្រើប្រាស់ផលិតផលក្នុងស្រុក។ ចំណែកឯវិធីធ្វើវិញ គឺយើងយកពោះវៀនកង់ឡានដែលគេប្រើប្រាស់រួច មកលាងសំអាតដោយដៃផ្ទាល់ ដាក់ហាលបំបាត់ក្លិន បន្ទាប់មក ក៏យកមកកាត់ដេរ ចេញជាកាបូបដៃ ដែលមានលក្ខណៈទន់ស្វិត ងាយស្រួលប្រើប្រាស់ និងមានគុណភាពល្អមិនចាញ់កាបូបដៃយីហោម៉ាកអន្តរជាតិល្បីៗឡើយ»៕
អត្ថបទ៖ ស្រេង ចំរើន