ក្រោយពីបានដាក់ពាក្យប្តឹងតវ៉ាគ្នាទៅតុលាការអស់រយៈពេលជាច្រើនឆ្នាំ មិនទទួលបានលទ្ធផលរួចមក ភាគីទំនាស់ដែលជាសាច់ញាតិ ក្រុមគ្រួសារដណ្តើមដីចំកាធុរ៉េនគ្នា ចំនួនជាងពីរហិកតាភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានងាកមកសុំការជួយអន្តរគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត កាលពីដើមខែធ្នូឆ្នាំ២០២០នេះ។
ក្រោយពីបានចុះពិនិត្យ និងប្រជុំជាមួយ មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ភាគីទំនាស់ ម្តងរួចមក ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបើកកិច្ចប្រជុំ សម្របសម្រួលទំនាស់រវាង ឈ្មោះ សុខ ងីម, អោ គីម និងឈ្មោះ ឈុយ សាង រស់នៅភូមិឃុំខាងលើម្តងទៀត កាលពីពេលថ្មីៗនេះ។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ដែរថា ក្នុងនាមរដ្ឋបាលខេត្ត លោកមិនចង់ឃើញពលរដ្ឋណាម្នាក់ឈ្លោះប្រកែក ឬប្តឹងផ្តល់គ្នាទៅតុលានោះទេ ហើយក្នុងនាមជាអ្នកដឹកនាំខេត្តមួយរូប លោកស្នើសុំឲ្យពលរដ្ឋទាំងអស់មានការយោគយល់ អធ្យាស្រ័យខ្ពស់ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដើម្បីកុំឲ្យខាត់ពេលវេលា និងថវិការបស់រៀងៗខ្លួន ។
ក្នុងករណីមានជម្លោះដីធ្លីណាមួយដែលដោះស្រាយមិនចេញ ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្ត ឲ្យពលរដ្ឋ ដាក់សំណើរសុំអន្តរគមន៍ ដោះស្រាយ មកអាជ្ញាធរខេត្តជាមុនសិន ឬក៏អាចទំនាក់ទំទង មករូបលោកផ្ទាល់ក៏បាន ដើម្បីមានចំណាត់ការដោះស្រាយជូនទាន់ពេលវេលា ៕
ដោយ៖ បូ សល់