ភ្នំពេញ៖ តម្លៃដីក្នុងតំបន់អរិយក្សត្រចាប់ផ្ដើមមានសន្ទុះឡើងវិញជាបណ្ដើរៗ បន្ទាប់ពីមានការផ្ទុះព័ត៌មានពីគម្រោងជួយសាងសង់ស្ពានពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ ពីសំណាក់សាធារណរដ្ឋកូរ៉េខាងត្បូង។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល (CPL) បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ថា គ្រាន់តែមានដំណឹងពីការសាងសង់ស្ពានភ្លាម តម្លៃដីក្នុងតំបន់នោះចាប់ផ្ដើមហក់ឡើងភ្លាមៗតែម្ដង បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកាលពីមុនកូវីដ-១៩ ដោយសារតែលើកនេះប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសដោយផ្ទាល់តែម្ដងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ នៅប្រទេសវៀតណាមកាលពីពេលថ្មីៗនេះជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មូលហេតុដែលធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃ ដោយសារតែតំបន់នេះនឹងកាន់តែគៀកជាមួយរាជធានីភ្នំពេញ ហើយវាក៏នឹងក្លាយជាតំបន់ដែលទាក់ទាញការវិនិយោគកាន់តែច្រើនផងដែរ បើសិនជាស្ពានត្រូវបានសាងសង់ភ្ជាប់តំបន់ទាំងពីរនេះមែន។
សូមបញ្ជាក់ថាដែរ តម្លៃដីបានឡើងខ្ពស់ខ្លាំងរហូតដល់ជិរ ១០០ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េសម្រាប់ដីចំការ ហើយចំពោះដីលំនៅដ្ឋាន និងដីពាណិជ្ជកម្មបានឡើងដល់ ៣០០ដុល្លារ ទៅ ៧៥០ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ។ មិនតែប៉ុណ្ណោះ តម្លៃនេះអាចនឹងកើនឡើងលើសនេះថែមទៀតផង បើដំណឹងសាងសង់ស្ពានកាន់តែច្បាស់ជាងនេះ។
អត្ថបទ៖ បូ សល់