ភ្នំពេញៈ នៅសល់ថរយៈពេល១៦ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២១នឹងចូលមកដល់ ខណៈឆ្នាំ២០២០នេះ បានធ្វើឲ្យមនុស្សជាច្រើនឈឺចាប់ ក្រុមហ៊ុនដួលរលំ និងធ្វើឲ្យមនុស្សជាច្រើនបានធ្វើអត្តឃាតក្នុងកលយុគដែលសេដ្ឋកិច្ចពិភពលោកបានដាំក្បាលចុះអាក្រក់បំផុត និងអាក្រក់ជាងវិបត្តិសេដ្ឋកិច្ចកំឡុងសង្រ្គាមលោកលើកទី២
ដីធ្លីនៅតាមបណ្តាខេត្ត ដែលនឹងមានចរន្តទិញលក់សកម្មនៅឆ្នាំ២០២១ តើនឹងស្ថិតនៅខេត្តណាខ្លះ។
អ្នកវិភាគជាច្រើនបានលើកឡើងថា គ្រប់ទិសទាំងបួន នៃរាជធានីភ្នំពេញនៅតែមានសកម្មភាពទិញលក់ និងមានគំរោងអភិវឌ្ឍន៍ច្រើននឹងលេចឡើង ខណៈខេត្តដទៃទៀត ត្រូវបានគេសម្លឹងឃើញនៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរ ដូចជា ខេត្តកំពត ជាមួយនឹងសក្តានុពលនៃធនធានធម្មជាតិ កត្តាភូមិសាស្រ្ត និងភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ឋ នឹងធ្វើឲ្យខេត្តកំពតកាន់តែមានភាពរីកចម្រើន ពិសេសចរន្តនៃការទិញលក់ដីធ្លី និងតម្លៃដីធ្លីនឹងកើនឡើងនៅតាមតំបន់សំខាន់ៗជាច្រើន។
ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនថៃ ប៊ុនរ៉ុង នឹងធ្វើឲ្យទីក្រុងកំពតកាន់តែទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើននាពេលអនាគត។
ខេត្តកោះកុង
ការបញ្ចប់ នូវការស្ថាបនាព្រលានយន្តហោះលំដាប់អន្តរជាតិ តារាសាគរ និងគំរោងដំណាក់កាលទី២របស់គំរោង ដែលវិនិយោគដោយក្រុមហ៊ុនUnion Development Group។ ខេត្តកោះកុង នៅមានគំរោងជាច្រើនទៀត ដែលបាននិងកំពុងវិនិយោគដោយ រដ្ឋាភិបាល ដូចជាគំរោងផ្លូវជាតិលេខ៤៨ ដែលបាននិងកំពុងត្រៀមពង្រីកជាពីរគន្លងរថយន្តទៅមក កំពង់ផែទឹកជ្រៅ និងគំរោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះមកកាន់ខេត្តពោធិសាត់ និងតភ្ជាប់ទៅកាន់ខេត្តកោះកុង កំពុងសាងសង់យ៉ាងសកម្ម។
ជាមួយគ្នានេះ ខេត្តកោះកុងក៏មានធនធានធម្មជាតិ ដែលបំរើឲ្យវិស័យទេសចរណ៍ ដ៏សម្បើមផងដែរ ដែលកម្ពុជាមិនទាន់បានទាញយកមកប្រើប្រាស់ អស់សក្តានុពលនៅឡើយ។ តំបន់ទាំងនោះមានដូចជា តាតៃ ត្រពាំងរូង ជីផាត និងតំបន់រមណីយដ្ឋានធម្មជាតិ ពិសេសតំបន់ឆ្នេរដែលមានខ្សាច់ និងទេសភាពស្រស់ស្អាតលំដាប់ពិភពលោក ជាច្រើនទៀត។
ខេត្តកណ្តាល
កណ្តាល ជាខេត្តដែលមានភូមិសាស្រ្តអំណោយផលជាងគេ ដោយសារទឹកដីខេត្តនេះព័ទ្ឋជុំវិញរាជធានីភ្នំពេញ ដែលធ្វើឲ្យខេត្តនេះទទួលឥទ្ឋិពល ពីការររីកចម្រើនពីរាជធានីភ្នំពេញយ៉ាងលឿន។
ខេត្តកណ្តាលមានមនុស្សរស់នៅច្រើន ភូមិសាស្រ្តល្អ និងកំពុងទទួលបានគំរោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី៤ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ជាដើម។
ខេត្តតាកែវ
ពីមុនខេត្តនេះ ត្រូវបានគេមិនសូវនឹកនាដល់ ប៉ុន្តែខេត្តតាកែវមានសក្តានុពលមិនធម្មតាផងដែរ ដោយសារខេត្តនេះ មានផ្លូវតភ្ជាប់ជាមួយរាជធានីភ្នំពេញ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានលើកឡើងពីសក្តានុពលរបស់ខេត្តតាកែវ កំពុងពេលសម្តេចអញ្ជើញបើកការដ្ឋានស្ថាបនា និងពង្រីកផ្លូវជាតិលេខ២កាលពីដើមឆ្នាំនេះ។
ខេត្តតាកែវទទួលបានគំរោងអភិវឌ្ឍន៍ច្រើនផងដែរ ដូចជាព្រលានយន្តហោះភ្នំពេញថ្មី គំរោងរោងចក្រ សហគ្រាសថ្មីៗ និងគំរោងអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនទៀត នៅពេលផ្លូវជាតិលេខ២ស្ថាបនា និងពង្រីករួច។
ខេត្តកំពង់ស្ពឺ
ខេត្តនេះក៏មានសក្តានុពលសម្បើមផងដែរ ដោយសាររដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មី ដោយរុញរោងចក្រ សហគ្រាសនានាចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តនេះ ពិសេសខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ឋដ៏សម្បូរបែប ដែលតភ្ជាប់ជាមួយ ខេត្តព្រះសីហនុ ដែលជាខេត្តមានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា។
ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ និងផ្លួវជាតិលេខ៤ជាដើម សុទ្ឋតែជាចរន្តសេដ្ឋកិច្ចជាតិ ដែលជំរុញកំនើនសេដ្ឋកិច្ចសង្គម។
កត្តាទាំងនេះហើយ នឹងធ្វើឲ្យខេត្តកំពង់ស្ពឺមានភាពលេចធ្លោ និងកំពុងទាក់ទាញការវិនិយោគ ហើយចរន្តនៃការទិញលក់ដីធ្លី បានកើតមានយ៉ាងសកម្មនៅក្នុងឆ្នាំនេះ ទោះបីកម្ពុជាបានរងវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ក្តី។
ខេត្តមណ្ឌលគិរី
មណ្ឌលគិរី ស្ថិតនៅក្នុងចំណោមខេត្តចំនួន៤ នៃភូមិភាគឥសាន្តប្រទេស ដែលមានសកម្មភាពទិញលក់ដីធ្លីសកម្មជាងគេ ដោយសាររដ្ឋាភិបាលបាន និងកំពុងរៀបចំផែនការកសាងព្រលានយន្តហោះអន្តរជាតិ នៅក្នុងខេត្តនេះនាពេលឆាប់ៗខាងមុខ ដើម្បីប្រែក្លាយខេត្តនេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ពិសេសរៀបចំខេត្តនេះជាកន្លែងដាំផ្កា បន្លែ ដើម្បីផ្គត់ផ្គង់មកកាន់សេវាកម្មបដិសណ្ឋារកិច្ច នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដទៃទៀត។
ជាមួយនឹងតំបន់ខ្ពង់រាប បានធ្វើឲ្យខេត្តមណ្ឌលគិរី ជាខេត្តមានអាកាសធាតុត្រជាក់ជាងគេនៅកម្ពុជា មានទេសភាពវាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែកជាងគេនៅកម្ពុជា ដែលស័ក្តិសមជាតំបន់ទេសចរណ៍លំហែរកាយដ៏ឆើតឆាយមួយ នៃទឹកដីភូមិភាគឥសាន្ត ពិសេសតំបន់នេះ ស្ថិតនៅក្នុប៉ូលសេដ្ឋកិច្ចធំទី៤ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ៕
ដោយ៖ បូ សល់