ភ្នំពេញ៖ អ្នកដាំស្វាយប្រមាណ៧០គ្រួសារ ក្នុងសហគមន៍កសិកម្មសាមគ្គីតំបែរ កំពុងព្រួយបារម្ភពីទិន្នផលស្វាយទុំជ្រុះជាបន្តបន្ទាប់ មិនមានអ្នកទិញ។ លោក អុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ បានអំពាវនាវរដ្ឋាភិបាល ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធត្រួតនិពិត្យលើសម្ភារកសិកម្មដូចជា ជី ថ្នាំបាញ់ស្វាយ រួមនិងចំណីសត្វជាដើមកុំមានតម្លៃថ្លៃពេក។
«ស្វាយកែវរមៀតខ្ចប់នៅត្រឹម ៦០០ ទៅ៧០០រៀលក្នុងមួយគីឡូក្រាម ហើយស្វាយខៀវត្រឹម ១០០ ទៅ១៥០រៀលក្នុងមួយគីឡូក្រាម»។ នេះជាការលើកឡើងរបស់លោក អុំ សុភា។ដោយសារស្វាយកែវរមៀតមានតម្លៃថោកបែបនេះ ទើបធ្វើឲ្យស្វាយក្នុងសហគមន៍ជ្រុះចោល ។ លោក អុំ សុភា បានបន្ថែមថា៖«ស្វាយកសិករខ្លះមានឈ្មួញមិនចុះទិញតាមសន្យា ហើយខ្លះឈ្មួញមិនទាន់ចុះប្រមូល ធ្វើឲ្យទិន្នផលស្វាយខ្ចប់ប្រមាណ១០០តោន និងស្វាយខៀវប្រមាណ១ ០០០តោន សល់ក្នុងសហគមន៍។ ខ្ញុំមិនចោទខាងណានោះទេ ព្រោះបច្ចុប្បន្នយើងជួបបញ្ហាជំងឺកូវីដ-១៩»។
យោងតាមក្រសួងកសិកម្ម ចាប់ពីដើមខែកុម្ភៈ តម្លៃស្វាយកំពុងមានបញ្ហាធ្លាក់ចុះ ដោយសារជារដូវប្រមូលផលផ្លែស្វាយនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទើបធ្វើឲ្យបរិមាណស្វាយលើសតម្រូវការទីផ្សារ គួបផ្សំនឹងការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩។ ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារនេះ ក្រសួងកសិកម្ម បានអំពាវនាវឲ្យអ្នកដាំដុះស្វាយទាំងអស់ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់ការនាំចេញ ដើម្បីងាយស្រួលទទួលបានព័ត៌មានទីផ្សារ សេវាបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្ដង់ដារ៕
ដោយ៖ បូ សល់