ត្បូងឃ្មុំ ៖ ទីផ្សារម្រេចក្នុងខេត្តត្បូងឃ្មុំឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំមុន ទោះបីវិបត្តិកូវីដ-១៩ នៅតែអូសបន្លាយក៏ដោយ ដោយសារមានឈ្មួញកណ្ដាលចុះទៅទិញផ្ទាល់ដល់ចម្ការ ដើម្បីយកទៅលក់នៅក្រៅប្រទេស ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា តម្លៃម្រេចឆ្នាំនេះល្អជាង ឆ្នាំមុន គឺអាចលក់បានប្រមាណ១៤,០០០រៀលក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនលក់បានតែ៧០០០រៀលទៅ៨,៥០០រៀល ប៉ុណ្ណោះ ។
«តម្លៃម្រេចឆ្នាំនេះយើងឃើញថា មានការកម្រើកឡើងបន្តិច ដែលកាលពីសប្តាហ៍ទី២ ខែមីនានេះគឺឡើងដល់ ១៥,០០០រៀល ប៉ុន្តែចូលដល់សប្តាហ៍ទី៣ទី៤នេះ គឺចុះបន្តិចនៅសល់ ១៣,០០០រៀល ទៅ ១៤,០០០រៀល ដូច្នេះយើងនឹង ធ្វើការតាមដានបន្តទៅទៀតចំពោះតម្លៃម្រេចនេះ ប៉ុន្តែជារួមតម្លៃគឺល្អជាងឆ្នាំកន្លងទៅសម្រាប់តម្លៃម្រេចឆ្នាំ២០២១នេះ »។
លោកប្រធានមន្ទីរបញ្ជាក់ថា មូលហេតុដែលនាំឲ្យតម្លៃម្រេចល្អប្រសើរជាងឆ្នាំមុនអាចមកពីភោគផលម្រេចមិនគ្រប់គ្រាន់ សម្រាប់ទីផ្សារ ស្របពេលដែលចំនួនអ្នកដាំម្រេច មានការថយចុះ ព្រោះអាកាសធាតុមិនអំណោយផល បញ្ហាមិនសូវសម្បូរទឹក សម្រាប់ស្រោចស្រពដំណាំម្រេចនោះឡើយ ។ លោកបានបន្តទៀតថា ទម្រាំទទួលបានទិន្នផលម្រេចលក់លើទីផ្សារ កសិករនីមួយៗ ត្រូវចំណាយទាំងពេលវេលា កម្លាំងពលកម្ម និងការមើលថែ ។
លោកបានបន្ថែមទៀតថា កន្លងមកបញ្ហាអាកាសធាតុប្រែប្រួលបានធ្វើឲ្យអ្នកដាំម្រេចមួយចំនួន បោះបង់ចោល ហើយងាកទៅ ប្រកបរបរការងារផ្សេងវិញ។ ម៉្យាងវិញទៀត កសិករអាចនឹងបង្ខំចិត្តប្រមូលផលមុនផ្លែម្រេចទុំ ជាហេតុធ្វើឱ្យម្រេចមិនសូវមាន គុណភាព ។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានប្រជាកសិករដាំម្រេចចំនួន១៩៩០ហិកតា ដែលក្នុង១ហិកតា ទទួលបានទិន្នផលជិត៤តោន ៕
ប្រភព៖ក្រសួងព័ត៌មាន