ប៉ៃលិន៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ឃ្លោក នួយ, ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះណែនាំដល់បងប្អូនអាជីវករលក់ដូរនៅផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ និងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អំពីការការពារជំងឺកូវិដ-១៩ ដោយត្រូវពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬអាកុល និងជែលឱ្យបានញឹកញាប់។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់បងប្អូនអាជីវករលក់ដូរនៅផ្សារចំនួនពីរខាងលើថា៖ ដោយមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទទីតាំងមួយចំនួន សម្រាប់ធ្វើចត្តាឡីស័ក ដើម្បីគ្រប់គ្រងសភាពការណ៍ការរីករាលដាលជំងឺកូវីដ ១៩។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា៖ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ បងប្អូនអាជីវករត្រូវពាក់ម៉ាស និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ម្យ៉ាងវិញទៀត ប្រសិនបើមានករណីឆ្លងដូចករណីនៅផ្សារ AEON 1 យើងត្រូវធ្វើបិទផ្សារជាបណ្តោះអាសន្នដូចគ្នា ដើម្បីធ្វើចត្តាឡីស័ក ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរបងប្អូនផងដែរ ដូច្នេះសូមបងប្អូនអាជីវករត្រូវចូលរួមទប់ស្កាត់ជំងឺកូវី១៩ ទាំងអស់គ្នា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ នៅក្នុងការចុះណែនាំដល់បងប្អូនអាជីវករនោះដែរ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បាននាំយកម៉ាសចែកជូនដល់បងប្អូនអាជីករលក់ដូរនៅផ្សារចំនួន ២ ខាងលើ នោះផងដែរ៕
ដោយ៖ បូ សល់