(Reuters)៖នៅថ្ងៃចន្ទទី០១ ខែកុម្ភៈឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានក្តោបក្តាប់អំណាចទាំងស្រុង ក្រោយការធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និងដែលត្រូវពលរដ្ឋមីយ៉ាន់ម៉ាឆ្នោតជ្រើសរើសឱ្យដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ ។ អ្នកស្រី និងថ្នាក់ដឹកនាំគណៈបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យត្រូវចាប់ឃុំខ្លួននៅព្រឹកថ្ងៃចន្ទនេះ ។
យោធាភូមាបាននិយាយថា ការឃុំខ្លួនអ្នកស្រី អ៊ុងសាន ស៊ូជី និងបក្សពួកគឺជាការឆ្លើយតបទៅការលួចបន្លំសន្លឹកឆ្នោតដែលនាំឱ្យអ្នកស្រី ស៊ូជីឈ្នះឆ្នោត ។ យោធាមីយ៉ាន់ម៉ាបានប្រគាល់អំណាចទៅឱ្យលោកអគ្គមេបញ្ជាការយោធា លោក មីន អោងហ្លេង ព្រមទាំងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេលមួយឆ្នាំ ។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាមិនឆ្លើយតមការហៅទូរសព្ទដើម្បីសុំការអធិប្បាយបន្ថែមឡើយ ។
យោធាបានកាន់កាប់សាលាក្រុងYangon និងបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធើនេត សេវាទូរសព្ទ និងបណ្តាញទាក់ទងដទៃទៀតក្នុងទីស្នាក់ការគណៈបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ។
លោក Myo Nyunt បានថ្លែងថា អ្នកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint ព្រមទាំងមេដឹកមេបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យជាច្រើននាក់ទៀតត្រូវយោធាចាប់ឃុំខ្លួនទាំងអស់ ។
លោកបន្ថែមទៀតថា “ខ្ញុំចង់ប្រាប់បងប្អូនពលរដ្ឋយើងទាំងអស់ថា សូមកុំតបតដោយហិង្សា ហើយខ្ញុំសូមឱ្យពួកគេធ្វើតាមច្បាប់ដែលមានចែង ។” លោករំពឹងថាយោធាក៏នឹងចាប់ខ្លួនលោកផងដែរ ។ ក្រោយមកបន្តិច ទីភ្នាក់ងារព័ត៌មានរ៉យទ័រ(Reuters) មិនអាចទាក់ទងគាត់បានទៀតឡើយ ។
ការចាប់ឃុំខ្លួននេះកើតឡើងបន្ទាប់ពីមានភាពតានតឹងដាក់គ្នារវាងរដ្ឋភិបាលស៊ីវិល និងយោធា ក្រោយពីការបោះឆ្នោតសកលកាលពីថ្ងៃទី ០៨ ខែវិច្ឆិការ ឆ្នាំ២០២០ ដែលគណៈបក្យអ្នកស្រីស៊ូជីបានជ័យជម្នះភ្លូកទឹកភ្លូកដី ។
សេតវិមានសហរដ្ឋអាមេរិកបានឱ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិនបានទទួលដំណឹងពីការចាប់ខ្លួនអ្នកស្រី អ៊ុងសាន ស៊ូជីហើយ ។
“សហរដ្ឋអាមេរិកប្រឆាំងដាច់ខាតនឹងការប៉ុនបងកែប្រែលទ្ធផលឆ្នោត ឬព្យាយាមបង្អាក់ដំណើរការប្រជាធិបតេយ្យមីយ៉ាន់ម៉ា ហើយអាមេរិកនឹងចាត់វិធានការប្រឆាំងនឹងក្រុមអ្នកទទួលខុសត្រូវលើបញ្ហានេះ ។”
រដ្ឋាភិបាលអូស្រ្តាលីឯណោះវិញបានថ្លែងថា អូស្រ្តាលីពិតជាមានក្តីបារម្ភខ្លាំងណាស់នៅពេលដែលដឹងថា យោធាមីយ៉ាន់ម៉ាដណ្តើមអំណាចគ្រប់គ្រងមីយ៉ាន់ម៉ាសារជាថ្មីម្តងទៀត ហើយអំពាវនាវឱ្យមានការដោះលែងមេដឹកនាំប្រទេសមីយ៉ាន់ម៉ាដែលត្រូវចាប់ឃុំខ្លួនដោយខុសច្បាប់ ។
ដោយ៖ បូ សល់