(Reuters)៖ សាក្សីបាននិយាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់មេដឹកនាំដែលត្រូវទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ ខែមីនា ឆ្នាំ ២០២១ ពីការទទួលប្រាក់ខុសច្បាប់ ខណៈដែលមនុស្ស ៨នាក់ត្រូវបានសម្លាប់ នៅពេលដែលកម្លាំងរក្សាសន្តិសុខបានបើកការបាញ់ប្រហារទៅលើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ។
អង្គការសិទ្ធិមនុស្ស Amnesty International បានចោទប្រកាន់យោធាថាបានប្រើប្រាស់យុទ្ធសាស្រ្តសង្រ្គាមប្រឆាំងនឹងក្រុមបាតុករ ។
មនុស្ស ៦នាក់ត្រូវបានសម្លាប់នៅកណ្តាលទីក្រុង Myaing នៅពេលដែលកងកម្លាំងយោធាបានបាញ់ប្រហារទៅលើពួកបាតុករ ។ នេះបើយោងតាមបុរសម្នាក់ដែលបានចូលរួមក្នុងបាតុកម្ម និងបានជួយដឹកសាកសពទៅកាន់មន្ទីរពេទ្យ ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រតាមទូរសព្ទ ។ បុគ្គលិកសុខាភិបាលនៅទីនោះបានបញ្ជាក់ពីការស្លាប់នៃមនុស្សទាំង ៦នាក់ ។
បុរសដែលមានអាយុ ៣១ ឆ្នាំរូបនោះបាននិយាយថា «យើងធ្វើបាតុកម្មដោយអហិង្សា ។ ខ្ញុំមិននឹកស្មានថាពួកបាញ់សម្លាញ់បាតុករដូច្នេះសោះ ។»
សាក្សីបាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅស្រុកដាហ្គោនខាងជើងនៃទីក្រុងយ៉ាំងហ្គោន ។ រូបថតដែលបានបង្ហោះលើហ្វេសម៊ុកបានបង្ហាញឱ្យឃើញបុរសម្នាក់ដេកស្តូកស្តឹងលើដងផ្លូវ ដោយមានឈាមហូរចេញពីរបួសក្បាល ។ នៅទីក្រុងម៉ាន់ដាឡេ តាមការរាយការណ៍ មានមនុស្សម្នាក់បានស្លាប់ដែរ ។
មុនករណីស្លាប់នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមតស៊ូមតិមួយ គឺសមាគមជំនួយដល់អ្នកទោសនយោបាយ បានថ្លែងថា បាតុករជាង ៦០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២ ០០០នាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ០១ ខែកុម្ភៈប្រឆាំងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចោទប្រកាន់ពួកយោធាថាបានប្រើកម្លាំងដ៏សាហាវឃោរឃៅប្រឆាំងនឹងក្រុមអ្នកតវ៉ា ហើយបាននិយាយថាការសម្លាប់ជាច្រើនករណីដែលខ្លួនបានប្រមូលចងក្រងជាឯកសារជាការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ។
លោក Joane Mariner ប្រធានក្រុមឆ្លើយតបនឹងវិបត្តិ បាននិយាយថា «ទាំងនេះមិនមែនជាសកម្មភាពរបស់ក្រុមមន្រ្តីដែលធ្វើការសម្រេចចិត្តមិនល្អនោះទេ ។ ទាំងនេះគឺជាក្រុមមេបញ្ជាការដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយដាក់ពង្រាយកងទ័ពនិងប្រើវិធីសាស្រ្តឃាតកម្មជាសាធារណៈ ។
អ្នកនាំពាក្យរបស់របបយោធា លោកឧត្តមសេនីយ៍ Zaw Min Tun បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា កងសន្តិសុខត្រូវគោរពវិន័យ៉ាងខ្ជាប់ខ្ជួន និងប្រើប្រាស់កម្លាំងតែនៅពេលដែលចាំបាច់ប៉ុណ្ណោះ ។ លោកបន្ថែមទៀតថា ភាពចលាចលមិនមែនជាស្ថានការណ៍ដែលគួរជាការព្រួយបារម្ភដល់សហគមន៍អន្តរជាតិឡើយ និងថាលោកខាងលិចបានធ្វើការសន្មត់មិនត្រឹមត្រូវនោះទេ ។
យោធាធ្លាប់បាននិយាយថាខ្លួនកំពុងធ្វើសកម្មភាពដោយអត់ធ្មត់បំផុតក្នុងការដោះស្រាយអ្វីដែលខ្លួនពិពណ៌នាថាជាបាតុកម្មដោយក្រុមកុបករដែលខ្លួនបានចោទប្រកាន់ថាបានវាយប្រហារប៉ូលីស និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពជាតិ ។
យោងតាមពាក្យបណ្តឹងរបស់លោក ភូ មីនថេន អតីតរដ្ឋមន្រ្តីនៅក្រុងយ៉ាំងហ្គោន បានឱ្យដឹងថា លោកZaw Min Tun ក៏បាននិយាយដែរថា លោកស្រី ស៊ូជី បានទទួលយកការបង់ប្រាក់ខុសច្បាប់ដែលមានតម្លៃ ៦០ ម៉ឺនដុល្លារ រួមនឹងមាសជាច្រើនទៀត ក្នុងពេលដែលលោកស្រីនៅក្នុងរដ្ឋាភិបាល ។
ដោយ៖ បូ សល់