(Reuters)៖ យោធាភូមាបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងទណ្ឌកម្មនិងភាពឯកោបន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ។ នេះបើយោងតាមសម្តីរបស់មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិម្នាក់ដែលបានថ្លែងនៅថ្ងៃពុធទី ០៣ មីនា ឆ្នាំ ២០២១ ថាអ្នកស្រីបានជំរុញឱ្យប្រទេសនានាចាត់វិធានការតឹងរឹងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា អ្នកស្រី Christine Schraner Burgener បាននិយាយថា បាតុករ ៣៨នាក់បានស្លាប់នៅថ្ងៃពុធនេះ ក្រោមការបង្រាបដ៏ហិង្សារបស់យោធា ។ អ្នកស្រីនឹងធ្វើសេចក្តីសង្ខេបព័ត៌មានជួនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រនេះ ។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីកងទ័ពបានដណ្តើមអំណាចនិងចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំគណៈបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD)ជាច្រើនរូបទៀត ។ គណៈបក្សNLD បានឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ភ្លូកទឹកភ្លូកដី តែយោធានិយាយថាជាការក្លែងបន្លំ ។ គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថាវាជាការបោះឆ្នោតត្រឹមត្រូវសុក្រឹត យុត្តិធម៌ ។
អ្នកស្រី Christine Schraner Burgenerបាននិយាយថា កិច្ចសន្ទនាជាមួយមេបញ្ជាការរងយោធាមីយ៉ាន់ម៉ា លោក Soe Win អ្នកស្រីបានព្រមានគាត់ថា យោធាទំនងជាប្រឈមមុខនឹងវិធានការតឹងរឹងពីប្រទេសមួយចំនួន និងភាពឯកោជាការឆ្លើយតបនឹងរដ្ឋប្រហារ ។
ចម្លើយគឺថា «យើងស៊ាំនឹងទណ្ឌកម្មហើយៗយើងនៅតែអាចរស់បាន ។» អ្នកស្រីបានប្រាប់អ្នករាយការណ៍ព័ត៌មាននៅទីក្រុងNew Yorkថា «ពេលដែលខ្ញុំព្រមានថាពួកគេនឹងត្រូវរងភាពឯកោ ពួកគេឆ្លើយថា៖ យើងត្រូវរៀនដើរជាមួយមិត្តភក្តិត្រឹមតែពីរបីនាក់ ។»
ពួកបច្ឆិមប្រទេស មានអាមេរិក អង់គ្លេស កាណាដា និងសហភាពអឺរ៉ុប ខ្លះបានអនុវត្តទណ្ឌកម្ម និងខ្លះទៀតកំពុងពិចារណាដាក់ទណ្ឌកម្មលើពួកយោធានិងសម្ព័ន្ធមិត្តជំនួញរបស់ពួកគេ ។
ដោយ៖ បូ សល់