ប៉េកាំង (Reuters)៖ ក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃចន្ទទី ២៥ ខែមករា ឆ្នាំ ២០២១ ថា សហរដ្ឋអាមេរិកបញ្ជូននាវា និងយន្តហោះចម្បាំងមកកាន់សមុទ្រចិនខាងត្បូងជារឿយៗដើម្បីបង្ហាញអំណាចយោធារបស់ខ្លួន ហើយអំពើនេះមិនល្អសម្រាប់ការរក្សាសន្តិភាពនោះទេ។ ចិនថ្លែងដូច្នេះ ក្រោយពីនាវាដឹកយន្តហោះចម្បាំងអាមេរិកបានចូលដែលទឹកដែលមានជម្លោះ ។
សមុទ្រចិនខាងត្បូង ដែលជាតំបន់យុទ្ធសាស្រ្តពាណិជ្ជកម្មដែលមានលំហូរសាច់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ បានក្លាយជាចំណុចរសើបរវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងវាស៊ីនតុន ។
ក្រុមនាវាដឹកជញ្ជូនអាមេរិកនាំមុខដោយនាវាពិសេស The USS Theodore Roosevelt ដែលអមដំណើរដោយនាវាចម្បាំង៣គ្រឿងទៀត បានបើកចូលផ្លូវទឹកសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ក្នុងគោលបំណងលើកកម្ពស់សេរីភាពការធ្វើដំណើរតាមសមុទ្រ ។ នេះបើយើងតាមសម្តីយោធាអាមេរិកថ្លែងក្រោយលោកចូ បៃដិនចូលកាន់តំណែងបានប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ជារឿយៗ អាមេរិកតែងបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងចូលដែនសមុទ្រចិនខាងត្បូងដើម្បីតម្លើងសាច់ដុំរបស់ខ្លួន ។ អំពើទាំងនេះមិនមានផលល្អសម្រាប់សន្តិភាព និងស្ថេរភាពក្នុងតំបន់ឡើយ ។”
ចិនតែងតែបង្ហាញការមិនពេញចិត្តចំពោះវត្តមាននាវាកងទ័ពជើងទឹកអាមេរិកដែលចេះតែខិតចូលកាន់តែជិតប្រជុំកោះដែលខ្លួនកាន់កាប់នៅសមុទ្រចិនខាងត្បូង ដែលវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយនេ និងតៃវ៉ាន់សុទ្ធតែអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ។
ក្រុមនាវាអាមេរិកបានបើកចូលដែនទឹកសមុទ្រចិនខាងត្បូងស្របពេលដែលតៃវ៉ាន់បានថ្លែងថា យន្តហោះចម្បាំងចិនបានហោះចូលដែនអាកាសដែលខ្លួនការពារ ដែលជាការធ្វើឱ្យក្រុងវាស៊ីនតុនមានការព្រួយបារម្ភ ។
ចិនមិនបានធ្វើការស្រាយបំភ្លឺថាយន្តហោះចម្បាំងរបស់ខ្លួននឹងធ្វើអ្វីនោះទេ ។
លោក Zhao Lijian បានថ្លែងការពារគោលជំឈរចិនថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចបំបែកចេញពីចិនបានឡើយ ហើយអាមេរិកគួរតែគោរពតាមគោលនយោបាយ “ចិនតែមួយ” ។
ដោយ៖ បូ សល់