(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ខ្ញុំ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលនូវសម្ភារជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន។
ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងទីស្តីគណៈរដ្ឋមន្រ្តី មន្រ្តីស្ថានទូតចិនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រជួយដល់ការអភិវឌ្ឍនៅកម្ពុជាគ្រប់កាលៈទេសៈ ក្នុងនោះរួមមានទាំងការផ្តល់ជំនួយឥតសំណងដ៏ថ្លៃថ្លា សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងការចូលរួមនិងសម្របសម្រួលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ កម្ពុជានៅតែត្រូវការជាចំាបាច់នូវជំនួយដ៏សប្បុរសរបស់មហាមិត្តចិន សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា។
ជាមួយនឹងការរួមចំណែកជាជំនួយមនុស្សធម៌វិស័យសកម្មភាពមីនពីមិត្តចិនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ជាពិសេសចូលរួមដល់ការជួយសង្រ្គោះជីវិតមនុស្ស ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តម Wang Wentian បានមានប្រសាសន៍ថា ប្រទេសចិន មានសេចក្តីសប្បាយរីករាយ និងពេញចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់វិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ហើយប្រទេសចិន នឹងបន្តគាំទ្រទាំងសម្ភារ ថវិកា និងការបណ្តុះបណ្តាលធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូត បានចាត់ទុកការងារបោសសម្អាតមីន ពិតជាមានសារៈសំខាន់ណាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងជួយសង្រ្គោះជីវិតមនុស្ស ហើយឯកអគ្គរដ្ឋទូត នឹងជួយជម្រុញដល់រដ្ឋាភិបាលប្រទេសចិន ឲ្យបន្តការគាំទ្រ និងពិចារណារាល់សំណើសុំរបស់អាជ្ញាធរមីន។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា ទោះបីពិភពលោកមានរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ប៉ុន្តែការងារបោសសម្អាតមីនមនុស្សធម៌នៅតែបន្ត និងមិនមានផលប៉ះពាល់ឡើយ។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវជំនួយវ៉ាក់សាំងជម្ងឺឆ្លងកូវីដលើកដំបូងចំនួន ១លានដុស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងសូមកោតសរសើរមហាមិត្តចិនចំពោះការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងកំឡុងពេលការរីករាលនៃជម្ងឺកូវីដនេះ។
ជំនួយឥតសំណងនេះ គិតជាប្រាក់ប្រមាណ ១ លានដុល្លារអាមេរិក រួមមាន៖ ១/.រថយន្ត Pick Up ចំនួន ០៨ គ្រឿង ២/.ឧបករណ៍រាវមីន ចំនួន ១៣០ គ្រឿង ៣/.ប្រអប់សម្ភារចំនួន ១០០ ឈុត ៤/.ប្រអប់សម្ភារបំផ្ទុះគ្រាប់ (EOD) ចំនួន ២០ ឈុត ៥/.សម្លៀកបំពាក់ការពារចំនួន ១០ កំផ្លេ ៦/.មួកការពារចំនួន ១០ ៧/.ដ្រូន (UAV) ចំនួន ០៤ គ្រឿង ៨/.ឯកសណ្ឋាន ស្បែកជើង និងមួក ចំនួន ៥០០ កំផ្លេ និង៩/.តង់ចំនួន ៥០០ តង់។
គិតត្រឹមឆ្នាំ២០២០ កម្ពុជាបានបោសសម្អាតផ្ទៃដីចំនួន២,១៣៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,០៩៥,៧៥០គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៤៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៨៨៥,២៩៤ គ្រាប់ ដោយមានអ្នកទទួលផល ៦,៣៥៧,៨៥៣នាក់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី២,១៥២ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៨៣៥ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន៕
ដោយ៖ បូ សល់