(AP)៖ រដ្ឋមន្រ្តីការបរទេសចិន និងរុស្ស៊ីបានបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធនៃប្រទេសរបស់ពួកគេនៅឯកិច្ចប្រជុំមួយ នៅថ្ងៃអង្គារទី ២៣ ខែមីនា ឆ្នាំ ២០២១នេះ ចំពេលមានការរិះគន់យ៉ាងខ្លាំងនិងការដាក់ទណ្ឌកម្មថ្មីរបស់បច្ឆិមលោកប្រឆាំងប្រទេសទាំងពីរលើបញ្ហាសិទ្ធិមនុស្ស ។
លោកWang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិននិងលោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានច្រានចោលការជ្រៀតជ្រែកខាងក្រៅពីប្រព័ន្ធនយោបាយផ្តាច់ការរបស់ពួកគេហើយបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីឈានទៅរកការរីកចម្រើនជាសកលបន្ថែមទៀតលើបញ្ហានានារាប់ពីការផ្លាស់ប្តូរអាកាសធាតុដល់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា ។
នៅក្នុងកិច្ចប្រជុំដំបូងរបស់ពួកគេនៅទីក្រុងណាននីងភាគខាងត្បូងនៃប្រទេសចិន កាលពីថ្ងៃចន្ទ លោកWang Yi និងលោក Sergei Lavrovបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបានជំរុញឱ្យប្រទេសនេះចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរង់ឡើងវិញ ។ រុស្ស៊ី និងចិនរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងតេអេរ៉ង ហើយពួកគេតែងចែករំលែកវិធីសាស្រ្តល្អៗប្រឆាំងនឹងក្រុមប្រឆាំងនយោបាយណាមួយ ។
រដ្ឋមន្រ្តីទាំងពីររូបបានបន្តវោហាសាស្រ្តនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ ដែលលោកវ៉ាងបានរិះគន់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មដែលបានសម្របសម្រួលដោយសហភាពអឺរ៉ុប អង់គ្លេស កាណាដា និងសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមមន្រ្តីចិនជុំវិញការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងភាគខាងលិចប្រទេសចិន ។ លោកវ៉ាងបានថ្លែងថា «ប្រទេសនានាគួរតែរួមគ្នាប្រឆាំងនិងទណ្ឌកម្មឯកតោភាគីគ្រប់បែបយ៉ាងទាំងអស់ ។ វិធានការទាំងនេះនឹងមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិទេ ។»
Russian Foreign Minister Sergei Lavrov meets with Chinese Foreign Minister Wang Yi in Guilin on March 22, 2021. (Photo by Handout / RUSSIAN FOREIGN MINISTRY / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / Russian Foreign Ministry / handout ” – NO MARKETING – NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS
លោក Sergei Lavrovបាននិយាយថា ការដាក់ទណ្ឌកម្មទាំងនេះកំពុងតែទាក់ទាញប្រទេសរុស្ស៊ីនិងចិនឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ហើយលោកបានចោទប្រកាន់លោកខាងលិចថាយកច្បាប់ផ្ទាល់ខ្លួនមកប្រើលើប្រទេសទាំងអស់ ។ នៅក្នុងសេចក្តីថ្លែងការរួមមួយដែលត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្រ្តីទាំងពីររូបបានថ្លែងថា គ្មានប្រទេសណាមួយគួរតែដាក់ចេញនូវទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួនទៅលើប្រទេសណាមួយឡើយ ។
សេចក្តីថ្លែងការណ៍នោះបានបន្តថា ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យក្រោមលេសនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យគឺជារឿងដែលមិនអាចទទួលយកបានឡើយ ។
ប្រទេសចិននិងរុស្ស៊ីធ្លាប់ជាគូរប្រជែងធ្វើជាមេដឹកនាំរបបកុម្មុយនិស្តក្នុងអំឡុងពេលសង្រ្គាមត្រជាក់ ប៉ុន្តែប្រទេសទាំងពីរបានសាងទំនាក់ទំនងរឹងមាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្អែកលើការប្រឆាំងសណ្តាប់ធ្លាប់ពិភពលោកសេរីដឹកនាំដោយអាមេរិក និងដោយសារកិច្ចសហប្រតិបត្តិការក្នុងកិច្ចការយោធា បច្ចេកវិទ្យា ពាណិជ្ជកម្ម និងធនធានធម្មជាតិ ។ គណបក្សកុម្មុយនិស្តចិនមិនអនុញ្ញាតឱ្យមានការប្រឆាំងនយោបាយ និងរឹតត្បិតអង្គការសង្គមស៊ីវិលយ៉ាងតឹងរឹង ចំណែកឯមេដឹកនាំរុស្ស៊ីវ្លាដឺមៀ ពួទីន បានបង្ក្រាបយ៉ាងខ្លាំងដល់ពលរដ្ឋដែលតវ៉ាឱ្យមានប្រព័ន្ធនយោបាយបើកចំហមួយ ។
ដោយ៖ បូ សល់