អគ្គលេខាធិការ សហព័ន្ធកីឡា ហាប់គីដូកម្ពុជា លោក គង់ ចាន់ធីណា លើកឡើងថា សហព័ន្ធនៅតែបន្តការខិតខំ អភិវឌ្ឍន៍ជាប្រចាំ បើទោះបីជា ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ទទួលស្គាល់ ព្រមជាមួយនឹង ការផ្តល់ថវិកាគាំទ្រជាតិ ក្នុងការការប្រកួតជើងឯក រដ្ឋបាល និងវគ្គបណ្តុះបណ្តាល ដូចបណ្តាសហព័ន្ធកីឡាជាតិ ដទៃទៀតក៏ដោយ។
លោក គង់ ចាន់ទីណា បញ្ជាក់ទៀតថា ប្រភេទកីឡាហាប់គីដូ មានប្រភពដើមចេញ មកពីប្រទេសកូរ៉េខាងត្បូង ហើយរហូត ដល់បច្ចុប្បន្នទទួល បានការគាំទ្រ ពីសំណាក់យុវជនកម្ពុជា និងបានបញ្ជ្រាបផ្សព្វផ្សាយ ចូលក្នុងអង្គភាព កងកម្លាំងជាច្រើន។ ជាមួយគ្នានោះ លោក ក៏ដូចជា ថ្នាក់ដឹកនាំ ដែលមានឯកឧត្តម ម៉ក់ សំអល់ ប្រធានសហព័ន្ធកីឡា ហាប់គីដូ តែងតែបណ្តុះស្មារតីឱ្យ សមាជិកប្រតិបត្តិសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនីខិតខំដុះខាត់ សមត្ថភាពឱ្យ កាន់តែខ្លាំងក្លាយ ដើម្បីលើកកម្ពស់ ប្រភេទកីឡាមួយនេះ ឱ្យមានការរីកចម្រើន និងអាចទទួលស្គាល់ ជាផ្លូវការ ពីអាជ្ញាធរកីឡា នាពេលអនាគត៕
ដោយ៖ បូ សល់