ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម នឹងមកដល់កម្ពុជានាកំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា បានប្រកាសឱ្យដឹងថាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម នឹងមកដល់កម្ពុជាចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងនេះមុនគេនៅពេលវ៉ាក់សាំងមកដល់កម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ហើយថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត៕
អត្ថបទ៖ ស្រេង ចំរើន