មណ្ឌលគិរី៖ មណ្ឌលគិរីជាខេត្តមួយស្ថិតនៅក្នុងភូមិភាគឦសាន ប្រទេសកម្ពុជា និងជាទីឋានមួយសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ ខណៈតំបន់ទឹកធ្លាក់ធម្មជាតិ ក៏មានច្រើនជាអនេក។ ទឹកធ្លាក់ «លែងអង លែងឃិន» ដែលជាកេរ្តិ៍ដំណែលធម្មជាតិ បានសំងំលាក់ខ្លួនក្នុងព្រៃភ្នំ អមជាមួយទេសភាពដ៏ស្រស់ត្រកាលកំពុងរង់ចាំភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅទីនេះ។
លោក តែប ខ្វឺត ជាប្រធានសហគមន៍ភូមិពូហ្សាម បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដែលចុះទៅផ្តិតយករូបភាពដល់ទីតាំងនោះថា មុនមានជំងឺរាតត្បាតកូវីដ១៩ តំបន់នេះមានភ្ញៀវ ទេសចរមកទស្សនាកម្សាន្តយ៉ាងច្រើន ជាពិសេសក្នុងពិធីបុណ្យទានផ្សេងៗ ដូចជា បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកជាដើម ខណៈនៅរដូវប្រាំងក៏មានចំនួនភ្ញៀវមកទស្សនា ជាហូរហែរដោយភ្ញៀវអន្តរជាតិត្រូវចំណាយ ៥០០០រៀល និងភ្ញៀវជាតិ ១០០០រៀល ក្នុងម្នាក់។
ថ្លែងក្នុងសំនៀងរដឺន និងជាជនជាតិភាគតិចព្នង លោក តែប ខ្វឺត បានឱ្យដឹងថា សហគមន៍នេះបានបង្កើតឡើងជាង ៥ឆ្នាំមកហើយ ហើយទីឋានទឹកធ្លាក់នេះជាទីតាំងដែលដូនតារបស់ខ្លួនរកឃើញ និងអាស្រ័យនៅជាយូរយាណាមកហើយ។
ឆ្លើយប្រាប់អ្នកសារព័ត៌មាន លោក តែប ខ្វឺត បានលើកឡើងថា បើតាមការប៉ាន់ស្មាន មុនករណីរាតត្បាតជំងឺកូវីដ-១៩ តំបន់ទឹកធ្លាក់ «លែងអង លែងឃិន» បានទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាង៧០០០ ឬ៨០០០នាក់ នៅក្នុងមួយឆ្នាំ តាមរយៈការមកទស្សនារបស់ភ្ញើវទេសចរនេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងអភិវឌ្ឍសហគមន៍របស់ពួកគាត់ជាដើម។
លោកស្រី ស្រឿង សែន ជាចុងភៅជនជាតិដើមភាគតិចព្នង បានបង្ហាញអារម្មណ៍សប្បាយរីករាយ តាំងពីបង្កើតជាសហគមន៍មកធ្វើឱ្យពួកគាត់ រកចំណូលបាន តាមរយៈការធ្វើម្ហូបជូនភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅតំបន់ទឹកធ្លាក់ «លែងអង លែងឃិន» នេះ ជាពិសេសធ្វើឱ្យពួកគាត់មានចំណូលបន្ថែម ដើម្បីអភិវឌ្ឍសហគមន៍របស់ពួកគាត់ជាដើម។
គួរជម្រាបដែរថា នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិជាច្រើនរហូតដល់ចំនួន ៣៦កន្លែង ក្នុងនោះមានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋាន វប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់ជាដើម៕
ដោយ៖ បូ សល់