(Reuters)៖ សកម្មជនមីយ៉ាន់ម៉ារៀបផែនការបាតុកម្មប្រឆាំងរដ្ឋប្រហារជាច្រើនទៀតនៅថ្ងៃពុធទី ២៤ ខែមីនា ឆ្នាំ ២០២១នេះដោយរួមមានការធ្វើកូដកម្មដោយភាពស្ងៀមស្ងាត់ ដោយរាល់អាជីវកម្មទាំងអស់នឹងត្រូវបិទ ហើយពួកសកម្មជនបានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់សម្ងំនៅផ្ទះកុំចេញក្រៅ ។ ផែនការថ្មីនេះកើតមួយថ្ងៃក្រោយក្មេងស្រីអាយុ៧ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅផ្ទះរបស់នាង នៅពេលដែលកងសន្តិសុខបាញ់រះបង្រាបក្រុមបាតុករនៅទីក្រុងម៉ាន់ដាឡេ ។
បងស្រីរបស់ក្មេងស្រីដែលត្រូវបាញ់ស្លាប់បានថ្លែងប្រាប់កាសែត Myanmar Now ថាយោធាបាញ់សំដៅទៅឪពុករបស់ក្មេងស្រីតែបែរជាត្រូវចំនាងដែលកំពុងអង្គុយលើភ្លៅឪពុកនៅក្នុងផ្ទះរបស់ពួកគេ ។ យោធាមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗលើករណីនេះទេ ។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្តូរបាតុកម្មជាច្រើនយ៉ាង និងគ្រោងនឹងធ្វើការតវ៉ាដោយភាពស្ងៀមស្ងាត់ នៅថ្ងៃពុធនេះ។
Nobel Aung ជាអ្នកគូររូប និងជាសកម្មជនម្នាក់បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា «មិនមានការដើរចេញក្រៅ មិនបើកហាង មិនធ្វើការ ។ អ្វីៗទាំងអស់ត្រូវបិទ ។ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។ » ការបង្ហោះតាមបណ្តាញសង្គម និងការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាបានបញ្ជាក់ថាអាជីវកម្មជាច្រើនមានឱសថស្ថានជាដើមគ្រោងនឹងបិទ ។
របបយោធាបានប្រឈមមុខនឹងការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិពីការបង្ករដ្ឋប្រហារដែលបានបញ្ចប់ការផ្លាស់ប្ទូរយឺតៗទៅរកលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា និងចំពោះការបង្រ្កាបដ៏សាហាវលើការតវ៉ាដែលកើតមានជាបន្តបន្ទាប់ ។
យោធាបានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃការដណ្តើមអំណាចដោយនិយាយថា ការបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជីបានឈ្នះគឺជាការលួចបន្លំ តែគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានបដិសេធ ។ មេដឹកនាំយោធាបានសន្យាថានឹងមានការបោះឆ្នោតថ្មីមួយ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទទេហើយបានប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្ន ។
ដោយ៖ បូ សល់