YANGON(CNA)៖ នៅថ្ងៃព្រហស្បតិ៍ទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណេតទាំងអស់នៅប្រទេសមីយ៉ាន់ម៉ារួមទាំងក្រុមហ៊ុនMPTដែលជាក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយរដ្ឋ បានបិទមិនឱ្យ Facebook ដំណើរការបាននៅក្នុងប្រទេសមីយ៉ាន់ម៉ាទាំងមូល ពីរបីថ្ងៃក្រោយមេដឹកនាំយោធាភូមាបានដណ្តើមកាន់កាប់អំណាចដោយការធ្វើរដ្ឋប្រហារទម្លាក់គណៈបក្សជាប់ឆ្នោត ។
លិខិតមួយដែលចេញផ្សាយតាមអនឡញដោយក្រសួងទំនាក់ទំនង និងព័ត៌មានបានឱ្យដឹងថា Facebookនឹងត្រូវបិទរហូតដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមហេតុផលរក្សាស្ថេរភាពក្នុងប្រទេស ។
អ្នកលេងហ្វ៊េសប៊ុកនៅមីយ៉ាន់ម៉ាខ្លះបានរាយការណ៍ថា ពួកគេមិនអាចចូលគណនី Facebook របស់គេបានឡើយ ។
Netblocks ដែលជាក្រុមតាមដានបណ្តាញអ៊ិនធើណេតបានបញ្ជាក់ថា ក្រុមហ៊ុនអ៊ីនធើណេតរដ្ឋ MPT ដែលមានអតិថិជន ២៣ លាននាក់ បានបិទFacebook និង Messenger, Instagram និងWhatsApp មិនឱ្យដំណើរការបាន ។ ក្រុមហ៊ុនអ៊ីធើណេតន័រវែស Telenor Asa បាននិយាយថា ក្រុមហ៊ុនខ្លួនទើបតែបិទFacebookដើម្បីឱ្យស្របទៅតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល ។
លោកAndy Stone អ្នកនាំពាក្យក្រុមហ៊ុន Facebook បានទទួលស្គាល់ថាពិតជាមានការរំខានដល់ដំណើរ Facebook នៅមីយ៉ាន់ម៉ាមែន ។
លោកAndy Stoneបាននិយាយថា “យើងសូមជម្រុញឱ្យអាជ្ញាធរបើកប្រព័ន្ធអ៊ីនធើណេតឡើងវិញដើម្បីអនុញ្ញាតឱ្យប្រជាជននៅមីយ៉ាន់ម៉ាអាចទាក់ទងក្រុមគ្រួសារនិងមិត្តភក្តិពួកគេ ហើយនិងអាចតាមដានព័ត៌មានសំខាន់ៗផងដែរ ។”
លិខិតរបស់ក្រសួងទំនាក់ទំនង និងព័ត៌មានបានបន្តថា “បច្ចុប្បន្ននេះ មនុស្សខ្លះកំពុងតែបង្កបញ្ហាដល់ស្ថេរភាពរបស់ប្រទេសយើង ដោយពួកគេបានផ្សព្វផ្សាយព័ត៌មានមិនពិត មិនព័ត៌មិនត្រឹមត្រូវ ហើយពួកគេបង្កឱ្យប្រជាជនយល់ច្រឡំ ដោយការប្រើFacebook ។”
ក្រុមហ៊ុនTelenor បានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីណែនាំរបស់រដ្ឋាភិបាល ។
ដោយ៖ បូ សល់