ភ្នំពេញ៖ NagaCorp ដែលជាក្រុមហ៊ុនមេរបស់ ណាហ្គាវើល និងជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារភាគហ៊ុនហុងកុង បានប្រកាសឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថារដ្ឋាភិបាលបានជួលដី ៧៥ហិកតានៅក្បែរឧទ្យានអង្គរ ឲ្យក្រុមហ៊ុនខ្លួន ដើម្បីបង្កើតជារមណីយដ្ឋានចម្រុះដ៏ធំមួយឈ្មោះថា«Angkor Lake of Wonder»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន ណាហ្គាវើល វាយតម្លៃថា គម្រោងក្នុងដំណាក់កាលទី១ នឹងត្រូវប្រើទុន ៣៥០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើដីដែលរដ្ឋាភិបាលជួលឲ្យរយៈពេល៥០ឆ្នាំមួយនេះ។ ដីនេះស្ថិតនៅប្រហែល៥០០ម៉ែត្រពីទិសខាងត្បួងនៃរមណីយដ្ឋានអង្គរ។
ក្រុមហ៊ុនមួយនេះគ្រោងនឹងអភិវឌ្ឍន៍ទីកន្លែងនោះទៅជារមណីដ្ឋានកម្សាន្តចម្រុះឬសម្បូរបែប ដែលមានទិដ្ឋភាពសំខាន់ៗដូចជា សណ្ឋាគារ, សួនទឹក, Siem Reap China Town, វិថីម្ហូបអាហារ,ឧទ្យានប្រវត្តិសាស្រ្ត និងវប្បធម៌បែប៤D,៥D ជាដើម ។ គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។
នៅឆ្នាំ២០១៩ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរ ៥លាននាក់។ ក្រុមហ៊ុនរំពឹងថានឹងទាក់ទាញទេសចរបានច្រើនបំផុត ពីទេសចរដែលចូលអង្គរ ឲ្យចូលមករមណីយដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ ក្រុមហ៊ុនអះអាងថាគម្រោងខ្លួននឹងជួយសៀមរាបកាន់តែទទួលបានភ្ញៀវច្រើន តាមរយៈធ្វើឲ្យសៀមរាបកាន់តែមានទេសចរណ៍សម្បូរបែប៕
ដោយ៖ បូ សល់