ភ្នំពេញ ៖ ទ្រាំលំបាកក្នុង រយៈពេលខ្លី ប្រសើរជាងឱ្យជំងឺកូវីដ-១៩បន្តវ៉ៃលុកមិនចេះចប់ ដូច្នេះហើយប្រជាពលរដ្ឋត្រូវបន្តចូលរួមអនុវត្តន៍វិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុត ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានការ ដាក់ចេញនូវបំរាមគោចរនៅ ពេលយប់គឺមានភាពល្អប្រសើរណាស់ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បែរជាជួបជុំគ្នានៅពេលថ្ងៃទៅវិញ ដូច្នេះហើយត្រង់ចំណុចនេះ សូមឱ្យប្រជាពលរដ្ឋទាំងអស់គិតថា ការដែលអាចទប់ទល់បាន ឬក៏គ្រប់គ្រងនូវស្ថានការណ៍នេះបានឬមិនបាន គឺអាស្រ័យទៅលើការអនុវត្តរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដោយសារការចម្លងបន្តគ្នានៃមេរោគកូវីដ-១៩នេះមានភាពលឿនរហ័ស ធ្វើឱ្យប៉ះពាល់ទៅដល់សួតធ្ងន់ធ្ងរពិបាកក្នុងការដកដង្ហើម ។
លោកជំទាវបន្តថា ការអនុវត្តនូវវិធានសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញជាបន្តបន្ទាប់នេះ មានប្រជាពលរដ្ឋមួយចំនួនតូចបានត្អូញត្អែរពីការលំបាកមួយចំនួន ពាក់ព័ន្ធនឹងការពាក់ម៉ាស់ ការនៅក្នុងផ្ទះ ការអនុវត្តបម្រាមគោចរ ការធ្វើចត្តាឡីស័ក ជាដើម តែការអនុវត្តវិធានការទាំងអស់នេះ ប្រជាពលរដ្ឋស៊ូទ្រាំលំបាកក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីអាចទៅរស់នៅធម្មតាតាមបែបគន្លងថ្មីវិញ ។
សំឡេង ៖ « ឥឡូវនេះបើយើងខំប្រឹងអត់ធ្មត់ទាំងអស់គ្នា ខ្ញុំជឿថាការលំបាករបស់យើងនៅពេលនេះ វាមិនបានដូចទៅដល់ជំនាន់ប៉ុលពតនោះទេ យើងមានភាពងាយស្រួលជាងជំនាន់នោះឆ្ងាយណាស់ ដែល យើងអាចស៊ូទ្រាំបាន អាចឆ្លងកាត់នូវការលំបាកនេះបាន ។ បើសិនជាយើងអាចធ្វើបាននៅក្នុងរយៈពេលខ្លី អ៊ីចឹងយើងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបកន្លងថ្មីរបស់យើងវិញបាន ចុះបើសិនជាយើងមិនព្រមស៊ូទ្រាំលំបាករយៈពេលខ្លី ហើយបន្តធ្វើឱ្យមានការរាតត្បាតដ៏ធំធេងនៃវីរុសកូវីដ-១៩ សួរថាការលំបាករបស់យើងត្រូវបន្លាយពេលដល់រយៈពេលប៉ុន្មាន ឥឡូវនេះយើងសុខចិត្តលំបាកពីរសប្តាហ៍បីសប្តាហ៍ យ៉ាងយូរ១ខែ យើងសុខចិត្តលំបាករយៈពេលមួយខែ ឬយើងសុខចិត្តលំបាកនៅក្នុងរយៈពេលមួយឆ្នាំ ដូច្នេះត្រូវចូលរួមគិតឱ្យមែនទែន » ។
លោកជំទាវបានបន្ថែមទៀតថា នៅពេលណាដែលស្ថានភាពនៃការវ៉ៃលុករបស់វីរុសកូវីដ-១៩ អាចគ្រប់គ្រងបានទាំងស្រុង ហើយវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញនោះ គឺប្រជាពលរដ្ឋអាចធ្វើដំណើរបានធម្មតា អាចជួបជុំគ្រួសារ ដោយមិនមានការព្រួយបារម្ភអ្វីទៀតនោះឡើយ ដូច្នេះសូមប្រជាពលរដ្ឋធ្វើការពិចារណាឱ្យបានច្បាស់លាស់ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ៕
ប្រភព៖ ក្រសួងព័ត៌មាន