(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ បន្តដឹកនាំក្រុមការងារចុះពិនិត្យ សម្រួលដល់ពលករដែលធ្វើការចំណាកស្រុកមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ឯកឧត្ដម មានប្រសាសន៍ទៅកាន់ពលករថា ការដាក់បងប្អូនពលករឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃនេះ គឺក្នុងគោលបំណងបង្កើន ការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនេះដែរ រដ្ឋបាលខេត្តក៏បានយកចិត្តទុក្ខដាក់ចំពោះការផ្គត់ផ្គង់ចំពោះការស្នាក់នៅ ចំណីអាហារ និងសម្ភារប្រើប្រាស់មួយចំនួនជូនពលករផងដែរ។ ហើយការធ្វើចត្តាឡីស័កនេះ មិនមែនជាការឃុំខ្លួនពលករនោះទេ ដូច្នេះសូមកុំយល់ច្រឡំ ផ្ទុយទៅវិញត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងទិសដៅរួមគ្នាការពារជំងឺកូវីដ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍។
ឯកឧត្ដម បានអំពាវនាវបងប្អូនពលករទាំងអស់សូមមេត្តាគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដោយធ្វើចត្តាឡីស័ករបស់ពេល១៤ ថ្ងៃដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ-១៩ទៅក្រុមគ្រួសារក៏ដូចជាសហគមន៍ផងដែរ។ ឯកឧត្ដម បន្តថាប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០០,០០០ រៀលទៅ១,០០០,០០០ រៀល និងទោសព្រហ្មទណ្ឌ៕
ដោយ៖ បូ សល់