កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងក្រុមការងារ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចែកម៉ាស ដោយនាំយកម៉ាសចំនួន ៩.០០០ម៉ាស ចែកជូនដល់អាជីករនៅក្នុងផ្សារលើធំថ្មី និងផ្សារចាស់ ព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដើម្បីបំផុសចលនានៃការពាក់ម៉ាស ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយបានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ចូលរួមពាក់ម៉ាសគ្រប់ៗគ្នា និងលាងដៃដោយសាប៊ូ អាកុល ជែល ព្រមទាំងចៀសវាងការជួបជុំ ដែលស្របតាមការជូនដំណឹងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចសេចក្ដីជូនដំណឹងជាបន្តបន្ទាប់របស់រដ្ឋបាលខេត្តសៀមរាប ។
គួររំលឹកថា កាលព្រឹកមិញនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការចែកម៉ាស ចំនួន៣០ម៉ឺនម៉ាស , ជែលលាងដៃចំនួន ១៥០កេស និងមុងជ្រលក់ថ្នាំចំនួន ៣ពាន់មុង ជូនដល់រដ្ឋបាលក្រុងស្រុកទាំង១២ ដើម្បីចែកជូនប្រជាពលរដ្ឋ និងគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
សូមបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និង ថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ចំនួន៣៦៦នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគកូវីដ១៩នោះ ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់ ៕
ដោយ៖ បូ សល់