កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនស នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វែសប៊ុករបស់សាលាក្រុងភ្នំពេញ។
ការត្រួតពិនិត្យនេះបានធ្វើឡើងក្រោយពីមានព័ត៌មានលេចឮក្នុងមតិសាធារណជនថា ដើមឈើ ៣ ដើមអាយុកាលជាង ៣០០ ឆ្នាំនៅឧទ្យានកាណាឌីយ៉ា ផ្លូវព្រះអង្គឌួង នឹងត្រូវបានកាប់ចោលដោយសារពុកផុយ ខ្លាចប៉ះពាល់ដល់សុវត្ថិភាព។
ក្រោយពីបានពិនិត្យដើមឈើទាំងអស់នេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បញ្ជាក់ថាឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថី ហើយបានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ថែទាំ និងរក្សាទុក។
រីឯដើមឈើចំនួន ៣ដើមដែលចាស់ទ្រុឌទ្រោម ត្រូវបានឯកឧត្ដមអភិបាលរាជធានីសម្រេចមិនឲ្យកាប់ចោលនោះទេ ប៉ុន្តែត្រូវរក្សាដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
អត្ថបទ៖ ម៉ីស៊ិន