ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើមានរសជាតិជូរផ្អែមឆ្ងាញ់ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់អាចទទួលទានទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើបានផងដែរ។ សូម្បីតែស្លឹករបស់វាក៏ត្រូវបានគេកែច្នៃ យកទៅប្រើប្រាស់ជារូបភាពលើជញ្ជាំង និងពិដានថែមទៀតផង។
អាហាររូបត្ថម្ភ ដែលមានក្នុងផ្លែម្នាស់
ផ្លែម្នាស់ គឺជាឃ្លាំងនៃអត្ថប្រយោជន៍សម្រាប់សុខភាព ដោយសារតែវាពោរពេញ ទៅដោយសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ រួមទាំង សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់កាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនឋ C វីតាមីន B6 ក៏ដូចជាជាតិសរសៃរលាយ និងមិនរលាយផ្សេងទៀត។
អត្ថប្រយោជន៍សម្រាប់សុខភាព របស់ផ្លែម្នាស់
១. កាត់បន្ថយបញ្ហារលាកសន្លាក់
ម្នាស់ ត្រូវបានគេប្រើប្រាស់ជាប្រចាំ សម្រាប់កាត់បន្ថយបញ្ហារលាកសន្លាក់ និងសាច់ដុំ ជាពិសេសអ្នកដែលឧស្សាហ៍រងបញ្ហារលាកសន្លាក់ញឹកញាប់។ នេះជាជំងឺដែលមានមនុស្សរាប់លានអ្នកជុំវិញពិភពលោកជួបប្រទះ។ ផ្លែម្នាស់មានផ្ទុកអង់ស៊ីម Proteolytic (ឬ Bromelain) ដែលជាសារធាតុដ៏កម្រ និងមានសម្ថភាពអាចបំបែកជាតិប្រូតេអ៊ីនស៊ាំញ៉ាំ និងការពារការរលាកនៅក្នុងរាងកាយបានផងដែរ។
២. ជួយសុខភាពជាលិកា និងកោសិកា
អត្ថប្រយោជន៍ដែលគេតែងតែមើលរំលងគឺវីតាមីន C ដែលមានក្នុងផ្លែម្នាស់ ដើរតួនាទីយ៉ាងសំខាន់សម្រាប់បង្កើតជាតិកូឡាជែន (Collagen)។ ជាតិ Collagen នេះគឺជាវីតាមីនដ៏មានសារៈសំខាន់របស់សរសៃឈាម ស្បែក សរីរាង្គ និងឆ្អឹង។ កម្រិតជាតិវីតាមីន C ខ្ពស់ អាចជួយឲ្យរបួសឆាប់ជាសះស្បើយ ថែមទាំងជួយការពារការឆ្លងមេរោគ និងជំងឺផ្សេងៗបានច្រើនទៀតផង។
៣. បង្ការជំងឺមហារីក
វីតាមីន C ប្រឆាំងអុកស៊ីតកម្ម ដែលមានក្នុងផ្លែម្នាស់ជួយប្រយុទ្ធប្រឆាំងនិងជំងឺមហារីក។ ម្នាស់ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាច្រើនប្រភេទរួមមាន វីតាមីន A បេតាការូទីន Bromelain និងកម្រិតជាតិម៉ង់កាណែសខ្ពស់ ដែលអាចការពារជំងឺមហារីកផ្សេងៗ បានជាច្រើនប្រភេទ។ ផ្លែម្នាស់ ត្រូវបានគេទទួលស្គាល់ថាអាចជួយការពារជំងឺមហារីកមាត់ បំពង់ក និងសុដន់បានផងដែរ។
៤. ជួយដល់ការរំលាយអាហារ
ម្នាស់ក៏ដូចជាផ្លែឈើដទៃទៀតដែរ ដែលសម្បូរទៅដោយជាតិសរសៃ តែចំនុចពិសេសគឺវាមានទាំងជាតិសរសៃដែលរលាយ និងមិនរលាយ។ នេះមានន័យថាការទទួលទានផ្លែម្នាស់ អាចការពារអ្នកពីបញ្ហាសុខភាពជាច្រើនរួមមាន ការទល់លាមក រាគ រលាកពោះវៀន ស្ទះសរសៃឈាម ឈាមកក និងបញ្ហាសម្ពាធឈាមខ្ពស់។
៥. ព្យាបាលអាការៈក្អក និងផ្តាសាយ
វីតាមីន C របស់ផ្លែម្នាស់ជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ។ ក្នុងនោះដែរ អង់ហ្ស៊ីមពិសេសឈ្មោះ Bromelain ក៏ជួយកាត់បន្ថយស្លេស និងសំបោរ ដែលមានក្នុងបំពង់ក និងច្រមុះផងដែរ។ វាជួយការពារអ្នកពីជំងឺ ដែលធ្វើឲ្យអ្នកឡើងស្លេស និងសំបោរ ក៏ដូចជាជួយកម្ចាត់ពួកវាចោល នៅពេលដែលអ្នកកំពុងតែឈឺឲ្យជាសះស្បើយឆាប់រហ័សទៀតផង។
៦. ជួយដល់សុខភាពឆ្អឹង
ទោះបីជាផ្លែម្នាស់ មិនសូវសម្បូរជាតិកាល់ស្យូមដែលជាសារធាតុធ្វើឲ្យឆ្អឹងមានភាពរឹងមាំក៏ពិតមែន ប៉ុន្តែវាមានសារធាតុម៉ង់កាណែសច្រើន ដែលជាសារធាតុរ៉ែដ៏សំខាន់មួយទៀត ជួយឲ្យឆ្អឹងមានភាពរឹងមាំបានដូចគ្នា។ ជាងនេះទៅទៀតវាជួយឲ្យឆ្អឹងលូតលាស់ និងប៉ះប៉ូវវិញបានទៀតផង។
៧. រក្សាសុខភាពមាត់
ជាមួយនិងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងនិងជំងឺមហារីកមាត់នោះ ម្នាស់ក៏ជួយពង្រឹងអញ្ចាញធ្មេញមិនងាយធ្វើឲ្យធ្មេញបាក់។ ផ្លែម្នាស់ មានសមត្ថភាពដ៏អស្ចារ្យនិងត្រូវបានគេចាត់ទុកថាជាឱសថធម្មជាតិ ជួសជុលធ្មេញដែលរង្គើ និងបញ្ហាអញ្ចាញធ្មេញមិនរឹងមាំ។
៨. ជួយសុខភាពភ្នែក
ចក្ខុ គឺជាញាណដែលសំខាន់ជាងគេបំផុតសម្រាប់មនុស្ស។ ផ្លែម្នាស់អាចជួយដល់សុខភាពភ្នែក និងការពារភាពចុះខ្សោយនៃភ្នែកទៅតាមអាយុទៀតផង។ មនុស្សដែលមានវ័យចំណាស់ ច្រើនតែជួបបញ្ហាមើលមិនច្បាស់ ហេតុនេះសារធាតុ Beta Carotene នៅក្នុងម្នាស់អាចជួយពន្យាបញ្ហាភ្នែកមើលមិនច្បាស់នេះបាន។ ចាប់ផ្តើមទទួលទានម្នាស់អោយបានញឹកញាប់ចាប់ពីថ្ងៃនេះតទៅ នោះអ្នកនឹងមិនចាំបាច់បារម្ភពីបញ្ហាភ្នែកនៅពេលចាស់ទៅឡើយ។
៩. ជួយចលនាឈាម និងបញ្ហាសម្ពាធឈាម
ជាតិប៉ូតាស្យូម និងជាតិរ៉ែផ្សេងៗនៅក្នុងផ្លែម្នាស់ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យចលនាឈាមរត់បានប្រក្រតី។ វាជួយការពារការស្ទះ និងការកកឈាម ជាងនេះទៅទៀតសារធាតុទង់ដែងរបស់ផ្លែម្នាស់ជួយធ្វើឲ្យកោសិកាឈាមក្រហមមានសុខភាពល្អ ដែលបណ្តាលឲ្យកើនឡើងនូវអុកស៊ីសែន និងដំណើរការបានប្រក្រតីដល់ប្រព័ន្ធសរីរាង្គដទៃទៀត។
១០. ការពារការជ្រុះសក់ និងធ្វើឲ្យក្រចកមិនងាយបាក់
អ្នកអាចធ្វើឲ្យក្រចក និងសក់របស់អ្នកស្រស់ស្អាតបានដោយ កិនយកទឹករបស់ម្នាស់ ១ ស្លាបព្រាបាយ ស៊ុតក្រហម ១ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ និងប្រេងក្រូចឆ្មារ ២ ដំណក់ លាយចូលគ្នា រួចយកមកលាបលើក្រចក និងគល់សក់របស់អ្នក។ អ្នកអាចប្រើញឹកញាប់តាមចំនូលចិត្ត ដើម្បីឲ្យក្រចកស្រស់ស្អាត និងមិនមានបញ្ហាសក់ជ្រុះ។
១១. ជួយថែរក្សាស្បែក
អ្នកអាចលាបទឹកម្នាស់នៅលើផ្ទៃមុខ ទុករយៈពេល ១០ នាទីរួចលាងសម្អាតចេញ។ អ្នកក៏អាចចិតម្នាស់ស្រស់ជាចំនិតៗ មកបិទលើស្បែកដើម្បីកម្ចាត់ស្បែកចាស់ៗ នឹងសម្រួលចលនាឈាមរត់លើផ្ទៃមុខផងដែរ។ ជាងនេះទៅទៀតអ្នកអាចយកចំនិតម្នាស់ ទៅដុសកែងជើងក្រិនបានទៀតផង ដើម្បីជួយបន្ទន់ស្បែក និងកម្ចាត់ស្បែកចាស់ៗក៏ដូចជាការពារមិនឲ្យប្រេះកែងជើងផងដែរ។
បញ្ហាដែលអាចកើតមានពីការទទួលទានម្នាស់
ដោយសារតែជាតិ Bromelain របស់ម្នាស់ ជាអង់ហ្ស៊ីម ដែលអាចបំបែកអាហាររឹងៗបាន ហេតុនេះ ប្រសិនបើអ្នកទទួលទានម្នាស់ច្រើនពេក បបូរមាត់ អញ្ចាញធ្មេញ និងអណ្តាតរបស់អ្នកនឹងរងការស្ពឹក ឬស្កាត ជាមិនខាន។ Bromelain និងវីតាមីន C មិនអាចទទួលទានលើសកំណត់បានទេ។ ដូច្នេះបើនៅតែបន្តទទួលទានលើសកំណត់នោះអ្នកអាចនឹងក្អួត រាគ និងឈឺក្បាល មិនខាន។ ដូចគ្នានេះផងដែរសារធាតុ Bromelain ជំនួយដល់ការមករដូវ ហេតុនេះស្ត្រីដែលមានផ្ទៃពោះ ត្រូវចៀសវាងកុំទទួលទានម្នាស់ច្រើនពេក។ ក្នុងករណីកម្រខ្លះ អាចធ្វើឲ្យរលូតកូនទៀតផង៕
ដោយ៖ អាពេជ្រ