រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់ទៅលើក្រុមបាតុករ នៅបរិវេណប្រទេស កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃបង្ហូរឈាម នៃការធ្វើបាតុកម្មអស់ជាច្រើនសប្តាហ៍ ប្រឆំាងនឹងការធ្វើរដ្ឋប្រហារយោធា ហើយយ៉ាងហោចណាស់ពលរដ្ឋ ចំនួន១៨នាក់បានស្លាប់។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា បុរស០៣នាក់ ត្រូវបានគេបាញ់ចំក្បាលបណ្តាលឲ្យស្លាប់ នៅភាគខាងត្បូងក្រុង Dawei ទន្ទឹមនឹងនេះដែរ យុវជនចំនួន០២នាក់ ផ្សេងទៀតបានស្លាប់ នៅក្នុងក្រុង Bago មនុស្សចំនួន០៦នាក់ បានស្លាប់នៅក្រុងរ៉ងហ្គូន មេធាវីមួយរូបមកពីរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានបណ្តេញចេញ ពីតំណែងរបស់មីយ៉ាន់ម៉ា បាននិយាយនៅលើ បណ្តាញសង្គមហ្វេសប៊ុកថាយ៉ាងដូច្នេះ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា មានភាពចលាចលចាប់តំាងពីយោធា បានរឹបអូសយកអំណាច និងឃាត់ខ្លួន មេដឹកនាំរដ្ឋាភិបាលឈ្នះឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំមកពីបក្ស របស់លោកស្រីជាច្រើនរូបទៀត កាលពីថ្ងៃទី០១ ខែកុម្ភៈ ដោយចោទថា បានបន្លំសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតសកលខែវិច្ឆិកា ដែលគណបក្សរបស់លោកស្រី បានឈ្នះភ្លូកទឹកភ្លូកដី៕
ប្រភព៖ CSN Daily