PORT-AU-PRINCE, Haiti (AP)៖ ប្រធានាធិបតីប្រទេសហៃទី លោកJovenel Moise បានប្រកាសនៅថ្ងៃអាទិត្យទី០៧ ខែកុម្ភៈ ឆ្នាំ ២០២១នេះថា ប៉ូលិសបានចាប់ខ្លួនមនុស្សជាង២០នាក់ ដែលគាត់បានចោទប្រកាន់ថាបានប៉ុនប៉ងធ្វើឃាតលោក និងព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហើយក្នុងនោះមានចៅក្រមតុលាការកំពូលម្នាក់ដែលមានការគាំទ្រពីក្រុមមេដឹកនាំបក្សប្រឆាំងដែលទាមទារឱ្យលោក Moiseចុះចេញពីតំណែងផងដែរ ។
អមដំណើរដោយនាយករដ្ឋមន្រ្តី និងនាយប៉ូលិស ពេលដែលលោកត្រៀមចេញដំណើរទៅកាន់ទីក្រុងJacmel ដើម្បីចូលរួមពិធីបើកមហោស្រពប្រចាំឆ្នាំដែលកំពុងធ្វើឡើងចំពេលមានររោគរាតត្បាត លោក Moiseធ្វើសេចក្តីថ្លែការណ៍នៅឯព្រលានហោះយន្តក្រុង Port-au-Prince ។
លោកបាននិយាយថា «មានគេប៉ុនប៉ងប្រល័យជីវិតខ្ញុំ ។»
លោក Moiseមាននិយាយថា ផែនការនេះបានចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០មក ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឬភ័ស្តុតាងណាមួយក្រៅពីការនិយាយថាក្នុងចំណោមមនុស្សដែលត្រូវបានចាប់ខ្លួននោះមានចៅក្រមម្នាក់ និងអគ្គអធិការម្នាក់។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តីJoseph Joute បាននិយាយថាអាជ្ញាធរបានរកឃើញអាវុធជាច្រើន និងសំណៅសុន្ទរកថាមួយដែលគេចោទថាចៅក្រមតុលារកំពូលលោក Yvickel Dabrezilបានរៀបចំទុកនឹងថ្លែង ប្រសិនបើគាត់បានក្លាយជាប្រធានាធិបតីបណ្តោះអាសន្ន។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Rockefeller Vincent បានចោទអគ្គអធិការថាបានទាក់ទងជាមួយមន្រ្តីសន្តិសុខជនខ្ពស់នៅវិមានជាតិជុំវិញផែនការមួយក្នុងការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតី ។
ប៉ុន្មានម៉ោងក្រោយការចាប់ខ្លួននោះ លោកAndre Michel ជាមេដឹកនាំក្រុមប្រឆាំងកំពូលម្នាក់បានធ្វើសន្និសីទសារព័ត៌មានហើយអំពាវនាវឱ្យប្រឆាំងតវ៉ា និងទាមទារឱ្យមានការចាប់ខ្លួនលោកប្រធានាធិបតី Moise ។ លោកMichel ជាមេធាវីមួយដែរនោះ បាននិយាយថា ការចាប់ខ្លួនលោកDabrezilជារឿងខុសច្បាប់ ព្រោះលោកមានអភ័យឯកសិទ្ធិស្វ័យប្រវត្តិ ។
លោកReynold Georges ជាមេធាវីមួយរូបដែលធ្លាប់ធ្វើជាទីប្រឹក្សាឱ្យរដ្ឋការលោកMoiseប៉ុន្តែបានចូលរួមជាមួយក្រុមប្រឆាំងបានបដិសេធការចាប់ខ្លួនសកម្មជនទាំងនោះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុZenith FM ។
លោកថ្លែងថា «យើងទាមទារឱ្យមានការដោះលែងលោកDabrezilជាបន្ទាន់ ហើយប្រព័ន្ធតុលាការត្រូវតែបិទរហូតដល់លោកDabrezilមានសេរីភាពឡើងវិញ ។» លោកReynold Georgesក៏បានអំពានាវឱ្យប្រជាជនងើបឈរប្រឆាំងលោកប្រធានាធិបតី Moisep ផងដែរ ។
ដោយ៖ បូ សល់