(Reuters)៖ សេតវិមានបាននិយាយនៅថ្ងៃអង្គារទី ៣០ ខែមីនា ឆ្នាំ ២០២១ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិនមិនមានបំណងជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននោះទេ ។
នៅពេលសួរថាតើវិធីសាស្រ្តការទូតរបស់លោកបៃដិនចំពោះប្រទេសកូរ៉េខាងជើងនឹងរួមបញ្ចូលការអង្គុយតុរួមគ្នាជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនដូចដែលប្រធានាធិបតីដូណាល់ ត្រាំបានធ្វើឬយ៉ាងណានោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានមាននិយាយថា «ខ្ញុំគិតថា វិធីសាស្រ្តរបស់លោកប្រធានាធិបតី ចូ បៃដិននឹងខុសគ្នាខ្លាំងពីអាណត្តិលោកដូណាល ត្រាំ ហើយការជួបផ្ទាល់ជាមួយលោកគីម ជុងអ៊ុនមិនស្ថិតនៅក្នុងចិត្តលោកប្រធានាធិបតីឡើយ ។»
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រភេទថ្មីមួយកាលពីសប្តាហ៍មុន ដែលជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនស្នើឱ្យមានកិច្ចប្រជុំគណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
លោក បៃដិនបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា សហរដ្ឋអាមេរិកនៅតែបើកចំហចំពោះការទូតជាមួយប្រទេសកូរ៉េខាងជើង បើទោះបីជាមានការធ្វើតេស្តមីស៊ីល ប៉ុន្តែបានព្រមានថានឹងមានការតបតវិញប្រសិនកូរ៉េខាងនៅតែគឃ្លើនបន្តសាកល្បងបាញ់មីស៊ីលទៀត ។
កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍បាននិយាយថា រដ្ឋការលោកប្រធានាធិបតីចូ បៃដិនបានដើរខុសមួយជំហានហើយបានបង្ហាញនូវអរិភាពដ៏ជ្រាលជ្រៅ ដោយការរិះគន់នូវអ្វីដែលកូរ៉េខាងជើងហៅថាការបាញ់សាកល្បងមីស៊ីលការពារខ្លួន ។
ដោយ៖ បូ សល់