ភ្នំពេញ៖ នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ តំបន់ទេសចរណ៍មួយកន្លែងដែលកំពុងលាក់ខ្លួនពួនសម្ផស្ស ជាមួយទេសភាពដ៏ស្រស់ត្រកាលនៅព្រៃដ៏ជ្រៅ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលកម្រមានភ្ញៀវទេសចរណ៍ទៅដល់ តែបើទៅដល់រមែងតែល្បីពីម៉ាត់មួយទៅម៉ាត់ថាទេសភាពស្រស់ស្អាត ផ្សំជាមួយទឹកធ្លាក់រណ្ដំាដួងចិត្ត។
ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទឹកធ្លាក់ប្រវែងជាង១គីឡូម៉ែត្រ ដែលមានកម្ពស់ទឹក៣០ម៉ែត្រ បានក្លាយជាចំណុចសក្ដានុពលទេសចរណ៍ទាក់ទាញភ្ញៀវជាតិអន្តរជាតិ អមដោយខ្យល់ត្រជាក់ ម្លប់ដើមឈើតូចធំគ្រប់ទីកន្លែង មានសត្វព្រៃចូលមករស់នៅជាបណ្ដើរៗ ដូចជា ខ្លា ឈ្លូស ស្វា ទោច ពស់ថ្លាន់ ជ្រូកព្រៃ ។ល។ ជាពិសេសមានទឹកហូរថ្លាត្រជាក់គ្រប់រដូវមិនដែលរីងស្ងួត លម្អដោយផ្ទាំងថ្មតូចធំរាយប៉ាយក្នុងទឹក ល្បាក់ទឹកធ្លាក់ច្រើនកន្លែងសម្រាប់លេងកម្សាន្តដល់មនុស្សគ្រប់វ័យ ជាពិសេសមានទីធ្លាធំទូលាយ អាចទទួលភ្ញៀវដល់៨០០០នាក់ក្នុងមួយថ្ងៃ។
និយាយជារួមមក រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មិនមែនត្រឹមតែជាទីរមណីយដ្ឋានសម្រាប់ចុះលេងទឹកកម្សាន្តនោះទេ ប៉ុន្តែភ្ញៀវក៏អាចអង្គុយលេងកម្សាន្ត ឬបោះតង់ស្នាក់អាស្រ័យ ហើយថែមទាំងផ្ដល់លទ្ធភាពរៀបចំដំណើរកម្សាន្តក្នុងព្រៃធម្មជាតិទៀតផង។ រមណីយដ្ឋានមួយនេះ ជារមណីយដ្ឋានមួយរបស់ខេត្តពោធិ៍សាត់ និងមានសក្ដានុពលទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងជាទីពេញចិត្តសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ៕
អត្ថបទ៖ ស្រេង ចំរើន