ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វិទ្យុបារាំងអន្តរជាតិនៅកម្ពុជា RFI ដែលមានទីតាំងស្ថិតនៅលើអគារកាណាឌីយ៉ា រាជធានីភ្នំពេញ បានចេញប្រកាសផ្អាកការផ្សាយរបស់ខ្លួនមួយរយៈ បន្ទាប់ពីក្រសួងសុខាភិបាល បានសម្រេចបិទអគារកាណាឌីយ៉ា នៅរាជធានីភ្នំពេញ ក្រោយរកឃើញករណីវិជ្ជមាននៃមេរោគកូវីដ-១៩ លើពលរដ្ឋខ្មែរម្នាក់ ដែលបម្រើការងារនៅក្នុងអគារនេះ។ នេះបើយោងតាមការប្រកាសលើគេហទំព័រ Facebook ផ្លូវការរបស់វិទ្យុបារាំងអន្ដរជាតិ RFI កាលពីប៉ុន្មាននាទីមុខនេះ។
ដោយភ្ជាប់ជាមួយសារយ៉ាងខ្លីដូចខាងក្រោម៖ «សេចក្ដីជូនដំណឹង៖ វិទ្យុបារាំងអន្តរជាតិ RFI សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីត-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ»។
ដូច្នេះនេះដែរ វិទ្យុបារាំងអន្តរជាតិ RFI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់របស់ប្រិយមិត្តរបស់ខ្លួន។ ចំពោះការវិលត្រឡប់មកផ្សាយដូចធម្មតាវិញ វិទ្យុនេះនឹងជូនដំណឹងដល់នាពេលក្រោយទៀត។
សូមបញ្ជាក់ដែរថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាលសូមប្រកាសតាមបណ្តាញព័ត៌មាន ដោយសម្រេចឲ្យបិទអគារកាណាឌីយ៉ា នៅព្រឹកថ្ងៃព្រហស្បត្ត៍ ទី០៣ ខែឆ្នូ ឆ្នាំ២០២០ ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ-១៩។
អត្ថបទ៖ ស្រេង ចំរើន