សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងរយៈពេល១០កន្លងមក ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២០ ការងារគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យយ៉ាងធំធេង ហើយក៏មានបញ្ហាខ្លះ ដែលភាគីពាក់ព័ន្ធ ត្រូវរួបរួមគ្នាដោះស្រាយបន្ដទៀត ដើម្បីឲ្យកាន់តែទទួលជោគជ័យបន្ថែមទៀត។
សម្ដេចក្រឡាហោម ក៏បានឧទាហរណ៍ថា ដូចជា បញ្ហាគ្រឿងញៀន ក៏ស្ថិតនៅក្នុងកម្មវិធីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងការអនុវត្តនាពេលកន្លងទៅ ទទួលបានលទ្ធផលច្រើន ហើយចំនួនចាប់ជនល្មើសជួញដូរគ្រឿងញៀន និងវត្ថុតាងគ្រឿងញៀនមកដាក់ទោសក៏បានកាន់តែច្រើនដែរ ប៉ុន្ដែមិនទាន់ធូរស្រាល។ សម្ដេចក្រឡាហោម បន្ដថា បញ្ហាខ្លះត្រូវដកចេញពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីដាក់បញ្ចូលបញ្ហាបច្ចុប្បន្នភាពវិញ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការកោតសរសើរ ចំពោះក្រុមការងារអន្តរក្រសួងឆ្លើយតបទៅ នឹង អំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានក្រសួងកិច្ចការនារីជាអ្នកសម្របសម្រួល ក្នុងការរៀបចំឡើងវិញនូវផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សាលើស្ត្រីដ៏មានសារៈប្រយោជន៍នេះ ដើម្បីជំរុញការអនុវត្តឱ្យសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកការលុបបំបាត់អំពើហិង្សាលើស្ត្រីជាការងារអទិភាព។
សម្ដចក្រឡាហោម បន្ថែមថា គ្រប់ក្រសួងស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល ត្រូវតែចូលរួមអនុវត្តឱ្យបាន ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយដើម្បីទប់ស្កាត់ លុបបំបាត់គ្រប់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងក្មេងស្រី និងការពារជនរងគ្រោះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅអភិវឌ្ឍធនធានមនុស្សដែលជាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស និងធានាកិច្ចអភិវឌ្ឍប្រកបដោយចីរភាពស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាព ដែលមានចំណងជើង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕
ដោយ៖ បូ សល់