ភ្នំពេញ៖ របៀប​តុបតែង​លម្អ​មុខ​រោង​​ជ័យ​​បែប​សិល្បៈ​សហសម័យ​​ដែល​មាន​​​ក្បាច់​​ក្បូរ​ប្លែកៗ​ខាង​ក្រៅ​​​​មាន​​​ធាង​ដូង ស្លឹកដូង​ ផ្កា​ភ្ញី​ ដើម​អំពៅ និង​​ផល្លានុផល​ស្រស់ៗ​​​​ នៅ​ក្នុង​​ឱកាស​​នៃ​ការ​ប្រារព្ធ​ពិធី​មង្គល​​​​​​ការ​ ពិសេស​​សម្រាប់​ជីវិត​គូ​ ចំពោះ​​​កូន​កំលោះ​​​​​កូន​ក្រមុំ​ ជា​ស្នាដៃ​​របស់​ក្រុម​វិចិត្រករ​​​មួយ​ក្រុម​ កំពុង​តែ​ទាក់ទាញ​​​​ចំណាប់​អារម្មណ៍​ខ្លាំង​។​​

លោក សេក វិសាល ជា​និស្សិត​បញ្ចប់​ការ​សិក្សា​​នៃ​មហាវិទ្យាល័យ​សិល្បៈ​​​សូន​រូប ជំនាញ​ឯកទេស​វិចិត្រកម្ម នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​វិចិត្រករ​​​​បង្កើត​ស្នា​ដៃ​តុបតែង​​រោង​ការ​​បែប​សិល្បៈ​សហសម័យ​នេះ​ប្រាប់​​ឲ្យ​ដឹង​ថា៖ «ក្រោយ​ពី​ការ​បង្ហាញ​​សា្នដៃ​​​​​​ពួក​​យើង ដែល​រៀបចំ​ដំឡើង​​ ពេល​ប្រារព្ធ​ពិធី​ខួប ​១០០ ឆ្នាំ ​របស់​សាលា​រចនា (ឆ្នាំ ​២០១៧)​​ មក​​នោះ ក៏​​មាន​​គេ​ចាប់​​អារម្មណ៍ និង​គាំទ្រ​ពី​​បងប្អូន​យើង​រហូត​មក។ សព្វ​ថ្ងៃ​នេះ សេវាកម្ម​ស្នាដៃ​​​​​​​សិល្បៈ​​​​សហសម័យ​​នេះ មាន​ការ​គាំទ្រ​ច្រើន​ ខណៈ​ពេល​​ខ្លះ​​យើង​មិន​បាន​ទទួល​ផង​ដែរ ដោយសារតែមានអតិថិជនធ្វើការទាក់ទងមកជាន់ថ្ងៃគ្នា»។​​

វិចិត្រករ​ជា​​កូន​​​ពៅ​នៅ​​ក្នុង​គ្រួសារ​​រូប​នេះ ក៏​​ធ្លាប់​​​បង្កើត​នូវ​​ស្នាដៃ​ច្នៃម៉ូដ​ ​សម្លៀក​​បំពាក់​តំណាង​​ជាតិ​ ដ៏​លេច​ធ្លោ​​​​ឲ្យ​បេក្ខនារី​ជា​កញ្ញាឯក​កម្ពុជា​ ដែល​​បង្ហាញ​នៅ​បរទេស​​​ ៣ ប្រទេស​ផង​ដែរ​ មាន​​ដូច​ជា​ប្រទេស ​ចិន ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា​។ ​វិចិត្រករ​វ័យ​ ២៤ ឆ្នាំ​ បាន​បញ្ជាក់​​ថា​​​៖ «​សម្រាប់ការ​​ច្នៃ​ម៉ូដ​ ខ្ញុំ​​​ធ្លាប់​បាន​​​ច្នៃ​​​​​ម៉ូដ​ឲ្យ​ភ្នាក់ងារ​ ដែល​ដឹកនាំ​កញ្ញា​ឯក​កម្ពុជា​ទៅ​ប្រកួត​បវរកញ្ញា​តំណាង​​កម្ពុជា​​នៅ​​ចិន​​ឆ្នាំ ​២០១៧ និង​នៅ​​​ម៉ាឡេស៊ី​ ក៏​ឆ្នាំ ​២០១៧។ លុះ​ដល់​​ឆ្នាំ​ ​២០១៩ ច្នៃ​​ម៉ូដ​ឲ្យ​ក្រុម​​ភ្នាក់ងារ​​កញ្ញាឯក​​កម្ពុជា ទៅ​​​មីយ៉ាន់ម៉ា»។​ ​

លោក សេក វិសាល ពុំ​មាន​សាច់​ឈាម​​ជាប់​ជា​អ្នក​សិល្បៈ​​​នោះ​ឡើយ ដោយ​​គ្រាន់​តែ​មាន​​​​​ជីតា ​គឺ​ជា​​​តន្រ្តីករ​បុរាណ។ ​គំនិត​ច្នៃ​ប្រឌិត​​តុប​តែង​ នៅ​តាម​​មុខ​រោងការ​មាន​​ក្បាច់​​សិល្បៈ​​​ដោយ​​បូក​បញ្ចូល​​គ្នា​រវាង​បុរាណ និង​សម័យ​ ឬ​ហៅ​ថា​សិល្បៈ​​​​សហសម័យ​នោះ​​ ​លោក​​​ចាប់​ផ្តើម​ជាមួយ​ក្រុម​ខ្លួន​ ក្រោយ​បញ្ចប់​​​​ការ​សិក្សា​​​​ជំនាញ​សិល្បៈ​តាំង​​ពី​​ឆ្នាំ ​២០១៧ ​មក​នោះ​។​​​

ទន្ទឹម​​ការ​តុបតែង​​​​រោង​​ ដែល​​មើល​ទៅ​​ស្រស់​ស្អាត​ និង​​ខុស​​ប្លែក​​​​ទាក់ទាញ​​អារម្មណ៍​ពី​មហាជន​នោះ ក្រុម​​អ្នក​ឌីហ្សាញ​ ក៏​​ទាមទារ​ដឹង​​ពី​កាល​បរិច្ឆេទ​​​ពី​​ម្ចាស់​​ពិធី​​​មុន​យ៉ាង​ហោច​​​ណាស់​ ​កន្លះ​ខែ​​​ដែរ ដើម្បី​មាន​ភាព​​ងាយ​​ស្រួល​​​ក្នុង​​​​ការ​​រៀបចំ​ប្លង់​គំនិត​ច្នៃ​ប្រឌិត​ និង​​បង្កើត​ក្បាច់​ក្បូរ​​ផ្កា​ភ្ញី​សិល្បៈ​​ឲ្យ​សមសួន​តាម​ទំហំ​ជាក់​ស្តែង​។

លោក សេក វិសាល ក៏​បញ្ជាក់​ថា៖ «​ការ​ដំឡើង​ក្នុង​ពិធី​មង្គលការ យើង​តម្រូវ​ឲ្យ​​​​ម្ចាស់​រោង​ការ ​គាត់​​​ជូន​ដំណឹង​​​មុន​កន្លះ​ខែ​​ ដើម្បី​យើង​អាច​មាន​ពេល​​​ដំឡើង​គ្រោង​ដែក​ជា​មុន​​។ ខណៈ​​ពេល​សម្រាប់​តុបតែង​ខាង​ក្រៅ​​ ដែល​មាន​​​ធាង​ដូង ស្លឹក​ដូង ផ្កាភ្ញី​ និង​ផ្លែ​ឈើ​​មួយ​ចំនួន​​ទៀត​នោះ ក៏​ត្រូវ​ការ​ពេល​ប្រមាណ ៤-៥ ថ្ងៃ​ មុន​ថ្ងៃ​ចូល​រោងការ​​ដែរ​ ទើប​អាច​រៀបចំ​រួច​រាល់»​៕​

អត្ថបទដោយ៖ ស្រេង ចំរើន