ខេត្តសៀម៖ អ្នកស្រី ឌួង សំណាង ម្ចាស់ចម្ការតាង៉ែននៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ថា បច្ចុប្បន្ននេះអ្នកស្រីមានផ្ទៃដីចម្ការដំណាំចម្រុះប្រមាណជា១០ហិកតា ដោយក្នុងនោះដំណាំតាង៉ែន គឺអ្នកស្រីបានទទួលផលបីឆ្នាំកន្លងមកហើយ។ បន្ទាប់ពីអ្នកស្រីបានដាំឡើងក្នុងរយៈពេល៧ឆ្នាំ ពេលនេះ តាង៉ែនកំពុងទុំ និងមានភ្ញៀវទេសចរជាតិចូលមកទិញ និងមកសម្រាកលម្ហែកាយទទួលទាន់អាហារដ៏ឆ្ងាញ់នៅទីនេះ។
ដើម្បីទទួលបានប្រាក់បន្ថែម និងចង់ផ្តល់ការងារឱ្យប្រជាពលរដ្ឋនៅតំបន់នេះធ្វើ អ្នកស្រីក៏មានគម្រោងរៀបចំចម្ការនេះឱ្យក្លាយជាកន្លែងសម្រាកលម្ហែ ដែលគេនិយាយថា ការផ្សាភ្ជាប់កសិកម្មជាមួយនឹងទេសចរណ៍។ ខណៈដែលបច្ចុប្បន្ននេះ ចម្ការដំណាំចម្រុះរបស់អ្នកស្រីបានចាប់ផ្តើមឱ្យភ្ញៀវទេសចរចូលមកកម្សាន្តជាបន្តបន្ទាប់ហើយ ដោយនៅទីនេះមានផ្ទះស្នាក់ចំនួនពីរ និងកន្លែងសម្រាប់បោះតង់បានជាច្រើននៅក្នុងចម្ការតាង៉ែន ដែលនៅជិតជើងភ្នំគូលែន ពេលព្រឹកក្រោកពីដំដេកអ្នកនឹងឃើញទេសភាពដ៏ស្រស់ស្អាតនៅជើងភ្នំអមជាមួយដំណាំតាង៉ែន ខ្នុរ ធុរ៉េន និងដំណាំផ្សេងៗទៀត។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បន្ទាប់ពីបានធ្វើដំណើរទៅកាន់ចម្ការតាង៉ែន របស់អ្នកស្រី ឌួង សំណាង លោកក៏បានមានប្រសាសន៍ថា លោកពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ។ ជាពិសេសប្រភេទដំណាំដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ ការរៀបចំចម្ការ និងកសិដ្ឋានរបស់ខ្លួនឱ្យ ទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។
បើធ្វើបែបនេះបាន លោកជឿថាយើងនឹងអាចជំរុញឱ្យភ្ញៀវទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាច ”នាំចេញនៅនឹងកន្លែង” នូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឱ្យបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជា «ដែនដីកសិ-ទេសចរណ៍» ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត ៕
អត្ថបទ៖ ស្រេង ចំរើន