នៅព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប បានសហការគ្នាដែលមានអភិបាលរងខេត្ត មន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីប៉ូលីសនៃស្នងការដ្ឋាននរគបាលខេត្ត បានបន្តចុះណែនាំដល់អាជីវករអ្នកលក់ដូរសម្ភារ: និងចំណីអាហារនៅផ្សាររាត្រីអង្គរឃ្យុងយូក្នុងក្រុងសៀមរាប ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយក្នុងទីកន្លែងនីមួយៗត្រូវពាក់ម៉ាស់ ព្រមទាំងលាងដៃនឹងអាកុល ជែល និងសាប៊ូ ដើម្បីសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវជាប្រចាំ។
ការអនុវត្តបែបនេះគឺជាការចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ ពិសេសក៏ជាការការពារខ្លួនឯងកុំឱ្យឆ្លងជំងឺកូវីដ-១៩ផងដែរ។
ក្នុងនាមអាជ្ញាធរខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានសំណូមយ៉ាងទទូចដល់បងប្អូន អាជីវករ និងអ្នកទិញព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖
១- កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា
២- កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ
៣- កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។
អភិបាលរងខេត្តលោក នាក់ ណេរ៉ុនសង្ឃឹមយ៉ាងមុតមាំថា អ្នកលក់ អ្នកទិញនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នាទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីសេចក្តីសុខក្នុងសហគមន៍ ៕
ដោយ៖ បូ សល់