ពួកយើងសុទ្ធតែធ្លាប់បានលឺជារឿយៗនូវប្រយោគមួយឃ្លាដែលគេនិយាយថា”Work smart and not hard” “ធ្វើការងារដោយប្រើប្រាស់ភាពវៃឆ្លាតមិនមែនដោយការប្រឹងប្រែងនោះទេ”។តើពិតដែរទេដែលថាការធ្វើការងារដោយប្រើប្រាស់ភាពវៃឆ្លាតតែម្យ៉ាងអាចនាំយើងទៅរកភាពជោគជ័យនោះ? ប្រសិនបើដូច្នោះហេតុអ្វីនៅតែមានមនុស្សជាច្រើននៅតែរវល់ដោយចំណាយញើសឈាមនិងការប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ពួកគេនោះ?ដូច្នេះថាតើរវាងការធ្វើការងារដោយប្រើប្រាស់ភាពវៃឆ្លាត “SMART WORK” និងការធ្វើការងារដោយប្រើប្រាស់ការប្រឹងប្រែង“HARD WORK” មួយណាដែលនាំមកនូវលទ្ធផលដែលមានប្រសិទ្ធភាពជាង?
មុននឹងឈានដល់ការវែកញែកប្រធានបទខាងលើ យើងមកយល់ន័យរបស់ពាក្យ ការធ្វើការងារដោយប្រើប្រាស់ភាពវៃឆ្លាត “SMART WORK” និងការធ្វើការងារដោយប្រើប្រាស់ការប្រឹងប្រែង“HARD WORK” ជាមុនសិន។
ការធ្វើការងារដោយប្រើប្រាស់ការប្រឹងប្រែង“HARD WORK” មានន័យថាការចំណាយពេលនិងការខិតខំច្រើនក្នុងការធ្វើចំនួនការងារជាក់លាក់ដោយមិនបានប្រើមធ្យោបាយណាមួយមកជួយពន្លឿនការងារនោះទេ។ ចំណែកឯការធ្វើការងារដោយប្រើប្រាស់ភាពវៃឆ្លាត “SMART WORK” មានន័យថា ចំណាយពេលតិចក្នុងការបំពេញចំនួនការងារដូចគ្នាដោយប្រើប្រាស់ភាពវៃឆ្លាតដើម្បីបង្កើតបានលទ្ធផលអតិបរមាដោយប្រើកម្លាំងពលកម្មអប្បបរមា។
បន្ទាប់មកទៀតយើងមកមើលពីទម្រង់ការងាររបស់ ការធ្វើការងារដោយប្រើប្រាស់ការប្រឹងប្រែង“HARD WORK” និងការធ្វើការងារដោយប្រើប្រាស់ភាពវៃឆ្លាត “SMART WORK”។
ការធ្វើការងារដោយប្រើប្រាស់ការប្រឹងប្រែង “HARD WORK”
១. ការប្តេជ្ញាចិត្ត៖ ការធ្វើការងារដោយប្រើប្រាស់ការប្រឹងប្រែង“HARD WORK”ទាមទារអោយមានការប្តេជ្ញាចិត្តនិងភាពស្មោះត្រង់ខ្លាំងហើយវាមិនមែនជាការងាយស្រួលនោះទេ។ ដើម្បីទទួលបានជោគជ័យអ្នកត្រូវធ្វើការច្រើនម៉ោងនៅកន្លែងធ្វើការដែលធ្វើឱ្យជីវិតរបស់អ្នកមានការលំបាក។
២. ទម្រង់បែបប្រពៃណី៖ ការធ្វើការងារដោយប្រើប្រាស់ការប្រឹងប្រែង“HARD WORK”ប្រកាន់ខ្ជាប់នឹងទំរង់ការងារធ្វើបែបប្រពៃណីហើយមិនមានការផ្លាស់ប្តូរច្រើនទេដែលត្រូវបានដាក់បញ្ចូលក្នុងគំរូនៃការងារ។
៣. ធុញទ្រាន់៖ គឺជាទម្រង់បែបបទគំរូនៃការខិតខំប្រឹងប្រែងការងារដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងនិងភាពស្ថិតស្ថេរដូច្នេះវាក៏ក្លាយទៅជាធុញទ្រាន់និងនឿយហត់។
៤. ភាពដដែលៗ៖ ធ្វើការផ្តោតទៅលើបរិមាណហើយអាចនឹងក្លាយជារឿងដដែលៗនិងគួរឱ្យធុញទ្រាន់សម្រាប់អ្នកខ្លះ។ ប៉ុន្តែប្រសិនបើធ្វើដោយការដាក់ចិត្តនិងកាយ វាអាចផ្តល់ឱ្យអ្នកនូវលទ្ធផលល្អបំផុត។
ការធ្វើការងារដោយប្រើប្រាស់ភាពវៃឆ្លាត “SMART WORK”
១. ត្រូវការចំណេះដឹងស៊ីជម្រៅ៖ តម្រូវការចំណេះដឹងស៊ីជម្រៅអំពីការងារដែលមាននៅក្នុងដៃអាចជួយបង្កការងាយស្រួលដល់ការងាររបស់អ្នកហើយអ្នកអាចស្វែងរកមធ្យោបាយដែលមានប្រសិទ្ធិភាពក្នុងការធ្វើការងារតាមផែនការដែលបានគ្រោងទុក។
២. សន្សំពេលវេលាបានច្រើន៖ អ្នកធ្វើការវៃឆ្លាតចំណេញពេលវេលាច្រើនព្រោះអ្នកអាចរកវិធីនិងមធ្យោបាយកាត់បន្ថយការងាររបស់អ្នកដោយប្រើភាពច្នៃប្រឌិតដើម្បីសម្រេចគោលដៅរបស់អ្នក។ នៅក្នុងយុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ពេលវេលាពិតជាដើរលឿនហើយតម្រូវការនៃការសម្រេចការងារប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលខ្លីពិតជាចាំបាច់ ដូច្នេះអ្នកធ្វើការវៃឆ្លាតគឺជាតម្រូវការចាំបាច់។ នេះមិនត្រឹមតែជួយសន្សំសំចៃពេលវេលារបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងផ្តល់ពេលវេលាគ្រប់គ្រាន់ក្នុងការរៀនបំពេញភារកិច្ចថ្មីខណៈពេលកំពុងបំពេញភារកិច្ចបច្ចុប្បន្ន។
៣. ការសំរេចគោលដៅបានលឿនជាងមុន៖ មិនពឹងផ្អែកលើវិធីសាស្រ្តប្រពៃណីនិងប្រើវិធីធ្វើការបែបច្នៃប្រឌិត ការធ្វើការងារបែបវៃឆ្លាតគឺជាវិធីសាស្ត្រលឿនជាងមុនដែលជួយឱ្យអ្នកឈានដល់គោលដៅមុន។
៤. ពង្រឹងចំណុចខ្លាំងរបស់អ្នក៖ នៅពេលដែលអ្នកទទួលបានចំណេះដឹងស៊ីជម្រៅអំពីការងារណាមួយនិងចេះរកវិធីដើម្បីកែលម្អគំរូការងារដើម្បីសម្រេចគោលដៅឱ្យមានប្រសិទ្ធភាពនិងក្នុងពេលតិចជាងមុន វាពិតជាជួយពង្រឹងភាពខ្លាំងរបស់អ្នកនិងជួយអ្នកឱ្យក្លាយជាអ្នកជំនាញនូវការងារដែលមាននៅក្នុងដៃ។
៥. លទ្ធផលនៃការខិតខំ៖ ខណៈដែលយើងបានឃើញថាការធ្វើការងារដោយប្រើប្រាស់ភាពវៃឆ្លាត គឺជាជំរើសប្រសើរជាងប៉ុន្តែអ្វីដែលយើងភ្លេចគឺការធ្វើការងារដោយប្រើប្រាស់ភាពវៃឆ្លាតគឺជាផ្លែផ្កានៃការខិតខំ។ មានតែពេលអ្នកខិតខំប្រមូលជំនាញនិងចំណេះដឹងដើម្បីស្វែងយល់ពីការងារដែលមាននៅក្នុងដៃហើយបង្កើនប្រសិទ្ធភាពលើវាប៉ុណ្ណោះទេដែលអាចក្លាយជាអ្នកធ្វើការដែលឆ្លាតវៃបាន។
អត្ថបទ៖ ស៊ីណា