ស្ទឹងត្រែង៖ មិនថាទេសចរនៅទីជិត ឬទីឆ្ងាយទេ ពេលឆ្លងកាត់ខេត្តស្ទឹងត្រែង ដូចជាមិនសូវភ្លេចឆៀងចូលទៅតំបន់រមណីយដ្ឋានប្រាសាទព្រះគោ ដែលស្ថិតនៅភូមិ ឃុំ និងស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងដើម្បីបន់ស្រន់និងសុំពរជ័យ សេចក្តីសុខសប្បាយព្រោះថាបារមីប្រាសាទនេះល្បីថាពូកែស័ក្តិសិទ្ធិខ្លាំងណាស់។
អ្នកស្រី វ៉ា សុខខេម ដែលជាប្រធានក្រុមប្រឹក្សាអភិរក្សតំបន់ប្រាសាទ នៅស្រុកថាឡាបរិវ៉ាត់ បានប្រាប់ឲ្យដឹងពីជំនឿនៅប្រាសាទព្រះគោថា៖ «បងប្អូនខ្មែរមិនថាមកពីទីជិត ឬឆ្ងាយតែងតែចូលមកបន់ស្រន់ សុំសេចក្តីសុខដល់ក្រុមគ្រួសារ ឬកូនចៅខ្លួន បន់សុំកូនសម្រាប់អ្នកគ្មានកូន និងពេលឈឺថ្កាត់បន់យកទឹកមន្តមកស្រោចស្រពឲ្យបានជាពីជំងឺ ឬរួចផុតសេចក្តីទុក្ខភ័យនានា ហើយអ្នកដែលបានបន់ស្រន់ទាំងឡាយរមែងតែងតែបានសម្រេចដូចបំណង ដូច្នេះហើយទើបបងប្អូនខ្មែរមិនថានៅជិតឆ្ងាយ តែងតែមកធ្វើការបន់ស្រន់ ឬធ្វើពិធីផ្សេងៗទៅតាមជំនឿ និងការបន់ស្រន់របស់ពួកគេ»។
សូមជម្រាបដែលថា បើយោងតាមឯកសារប្រវត្តិសាស្ត្រវប្បធម៌បានឲ្យដឹងថា ប្រាសាទព្រះគោ កសាងឡើងនៅក្នុងរជ្ជកាលស្តេចព្រះបាទជ័យវរ្ម័នទី ១ នៅចន្លោះសតវត្សរ៍ទី ៦ និងទី ៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាខណៈជារៀងរាល់ឆ្នាំតែងតែមានការសម្តែងនូវរបាំវាយខែល របស់ជនជាតិកួយ ដើម្បីសម្តែងនៅឯបរិវេណតំបន់ប្រាសាទនេះផងដែរ៕
អត្ថបទ៖ ស្រេង ចំរើន