ត្បូងឃ្មុំៈ ក្រុមហ៊ុន Renaissance Minerals (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនEmerald Resources របស់អូស្ត្រាលីបានអះអាងថា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានសក្តានុពលខ្ពស់ក្នុងការទាញយករ៉ែមាស បន្ទាប់ពីក្រុមហ៊ុននេះទទួលបានជោគជ័យ ក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែមាសក្នុងតំបន់នេះ។នេះបើយោងតាមការលើករបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
គម្រោងរ៉ែមាសក្នុងស្រុកមេមត់ គ្របដណ្តប់លើផ្ទៃដីទំហំ១០៧គីឡូម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅ៩៥គីឡូម៉ែត្រ នៅទិសខាងកើតនៃគម្រោងរ៉ែមាសអូរខ្វាវ។
ក្រសួងរ៉ែ និងថាមពលកម្ពុជា បានផ្តល់ការយល់ព្រមដំបូង ដល់ក្រុមហ៊ុន ដើម្បីធ្វើការរុករករ៉ែមាស ហើយអាជ្ញាប័ណ្ណនឹងត្រូវបានចេញជាផ្លូវការ បន្ទាប់ពីការបញ្ចប់ឯកសារបទដ្ឋាន ហើយក្រុមហ៊ុនក៍ទទួលបានការវាយតម្លៃ ផលប៉ះពាល់បរិស្ថានការរុករក ដែលត្រូវបានអនុម័ត ដោយក្រសួងបរិស្ថានកម្ពុជាផងដែរ។
លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុនបានថ្លែងថា គម្រោងមេមត់នឹងបំពេញបន្ថែមផលប័ត្រវិនិយោគ ដែលមានស្រាប់របស់ក្រុមហ៊ុន ហើយស្របនឹងគោលបំណង ក្នុងការបង្កើនការរុករកធនធានរ៉ែ នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនិងអភិវឌ្ឍន៍ធនធាន និងទុនបំរុងបច្ចុប្បន្នបន្ថែម របស់យើង។
លោកបានថ្លែងថា “វត្តមាននៃការងារសិប្បកម្ម ដែលកំពុងធ្វើការយ៉ាងសកម្ម ក្នុងតំបន់ថ្មី និងការចង្អុលបង្ហាញ នៃការផលិតរ៉ែមាសពីកំណត់ត្រាប្រវត្តិសាស្រ្ត ផ្តល់ឱ្យក្រុមហ៊ុននូវតំបន់អាជ្ញាប័ណ្ណរ៉ែមាស ដែលមានសក្តានុពលខ្ពស់មួយផ្សេងទៀត ដើម្បីបង្កើតធនធាន និងទុនបម្រុងបន្ថែមរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា”៕
ដោយ៖ បូ សល់