San Francisco (CNA)៖ នៅថ្ងៃអាទិត្យទី ២៤ ខែមករា ឆ្នាំ ២០២១នេះ Channel News Asia បានចុះផ្សាយថា ក្រុមហ៊ុន Tesla បានដាក់ពាក្យប្តឹងអតីតបុគ្គលរបស់ខ្លួនម្នាក់ដោយចោទប្រកាន់ពីបទលួចយកឯកសារសម្ងាត់ចំនួន ២៦ ០០០ ។
កាលពីថ្ងៃសុក្រទី ២២ ខែមករា ក្រុមហ៊ុន Tesla បានថ្លែងឱ្យដឹងថា ត្រឹមតែចូលធ្វើការបាន៣ថ្ងៃសោះ លោក Alex Khatilov ជាវិស្វករកំព្យូទ័រ បានលួចចម្លងយកពីឯកសាររាប់ពាន់ច្បាប់ពីកំព្យូទ័រក្រុមហ៊ុន ដោយគេបានផ្ញើឯកសារទាំងនោះចូលទៅក្នុង Dropbox ផ្ទាល់ខ្លួនរបស់គេ ។ Tesla ចំណាយពេលរាប់ឆ្នាំដើម្បីចងក្រងឯកសារទាំងនោះ ។
Tesla បាននិយាយថា នៅពេលដែលត្រូវក្រុមសុវត្ថិភាពរបស់ក្រុមចាប់បាន លោក Alex Khatilov បានប្រកែកថា គេផ្ញើតែឯកសាររដ្ឋបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយគេក៏ព្យាយាមលុបបំបាត់ភស្តុតាងចោល ។
លោក Alex Khatilov បានថ្លែងប្រាប់សារព័ត៌មាន The New York Post ថា ឯកសាររបស់ក្រុមហ៊ុនទាំង២៦ ០០០ ច្បាប់នោះស្រាប់តែចូល Dropbox របស់លោកដោយចៃដន់ នៅពេលដែលព្យាយាមទាញឯកសារផ្ទាល់ខ្លួនរបស់លោក ។
ក្រុមហ៊ុន Tesla បានថ្លែងថា ឯកសារទាំងអស់ បើឱ្យមនុស្សម្នាក់រៀបចំតែម្នាក់ឯងវិញត្រូវធ្វើពេល ២០០ឆ្នាំទើបអាចចងក្រងបាន ។ ទាំងនោះសុទ្ធតែជាឯកសារដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមហ៊ុនផ្ទាល់ និងដៃគូប្រកួតប្រជែងនានា ព្រោះថាវាបានបង្ហាញទាំងអស់ពីការរៀបចំការឆ្នៃប្រឌិដ្ឋថ្មីរបស់ក្រុមហ៊ុននាពេលអនាគត ។
យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា ក្រុមផ្នែកសុវត្ថិភាពរបស់ក្រុម Tesla ចាប់បានថាឯកសារទាំងនោះត្រូវលោក Alex Khatilov ទាញយកនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ បន្ទាប់ពីក្រុមបានជ្រើសរើសលោកឱ្យចូលធ្វើការនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ ។ ក្រុមផ្នែកសុវត្ថិភាពបានទាក់ទងទៅលោក តាមរយៈវីដេអូខល ព្រោះលោកធ្វើការពីផ្ទះរបស់លោក ។
Tesla ថ្លែងទៀតថា ក្នុងពេលខលនិយាយគ្នានោះ លោក Alex Khatilov បានអូសបន្លាយពេលយូរមុននឹងបង្ហាញអេក្រង់កំព្យូទ័ររបស់គាត់ឱ្យ ក្រុមការងារបានឃើញ ដែលជាពេលមួដែលគាត់ប្រញាប់លុបឯកសារទាំងនោះចេញពីកំព្យូទ័របស់គាត់ ។
ទោះជាយ៉ាងក៏ដោយ អ្នកស៊ើបអង្កេតនៅតែអាចរកឃើញថាឯកសារសម្ងាត់រាប់ពាន់ត្រូវបានបញ្ជូនចូល Dropbox របស់ Alex Khatilov ។ ពេលរកឃើញដូច្នេះ Alex Khatilov និយាយថា គាត់ភ្លេច ។
Alex Khatilov ថ្លែងតាមរយៈ The New York Post ថា គាត់មិនដឹងថាក្រុមហ៊ុនប្តឹងគាត់ទេ រហូតដល់ថ្ងៃសុក្រនេះទើបដឹងដោយសារអ្នកកាស្សែតខលទៅគាត់ ។
ដោយ៖ បូ សល់