អាមេរិក៖ ក្រុមហ៊ុន Tesla Inc បានប្រកាសបង្ហាញឱ្យដឹងថា ខ្លួននឹងប្រមូលដើមទុនបន្ថែមទៀតចំនួន ៥ពាន់លានដុល្លារ អាមេរិក នៅក្នុងដំណាក់កាលទី២ នៃការលក់ហ៊ុន នៅក្នុងរយៈពេល ៣ខែ ស្របពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិត រថយន្ត អគ្គិសនីមួយនេះកើនឡើងខ្ពស់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន ស៊ីន ហួរ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ទទួលបានកំណត់ត្រាខ្ពស់ នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដែលជំរុញឱ្យក្រុមហ៊ុន Tesla មានតម្លៃកើនឡើងដល់ ៦០០ពាន់លានដុល្លារ និងបានក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមាន តម្លៃខ្ពស់បំផុតនៅលើទីផ្សារ និងអាចប្រជែងជាមួយក្រុមហ៊ុន Toyota Motor, Volkswagen និង General Motors ។
ការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅក្នុងឆ្នាំនេះ តាមការប៉ាន់ប្រមាណរបស់អ្នកវិភាគគឺបានឱ្យដឹងថា បានជំរុញ ទ្រព្បសម្បត្តិរបស់លោក Elon Musk ដែលជានាយកប្រតិបត្តិឱ្យកើនពី ២៧ពាន់លានដុល្លារ ទៅដល់ ១៥៥ពាន់លានដុល្លារ ដែលធ្វើឱ្យលោកអាចនឹងក្លាយជា កំពូលអ្នកមានបំផុតនៅលើពិភពលោកលំដាប់ទី២។
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួននឹងស្វែងរកដើមទុនបន្ថែមទៀត យ៉ាង ហោច ណាស់ ៥ពាន់លានដុល្លារ ដើម្បីកាត់បន្ថយបំណុល ខណៈដែលក្រុមហ៊ុនកំពុងតែពង្រីកការផលិតរថយន្ត និងរោងចក្រថ្មី ជិត ទីក្រុង ប៊ែកឡាំង អូស្ទីន និង តិចសាស៕
ដោយ៖ បូ សល់