(CNN)៖ តាមសេចក្តីរាយការរបស់ CNN នៅថ្ងៃអង្គារទី ១៩ ខែមករា ឆ្នាំ២០២១នេះបានឱ្យដឹងថា ប៉ូលិសរដ្ឋOregon សហរដ្ឋអាមេរិក កំពុងតាមរកបុរសម្នាក់ដែលបានលួចឡានមួយគ្រឿងកាលពីព្រឹកថ្ងៃសៅរ៍ទី១៦ ខែមករា ឆ្នាំ ២០២១ ដោយមិនដឹងថាមានកូនក្មេងតូចនៅក្នុងឡាន ។
នៅពេលដែលលោកចោរបានឃើញក្មេងតូចនៅក្នុង គេបានបើកឡានត្រឡប់មករកម្ចាស់ឡានវិញដើម្បីស្តីប្រដៅម្ចាស់ឡានដែលទុកកូនចោលមិនមើល និងថែមទាំងបានគំរាមប្តឹងប៉ូលិសពីបទដែលស្រ្តីជាម្តាយធ្វេសប្រហែសមិនខ្វល់ពីសុវត្ថិភាពកូន មុនពេលបើកឡានរត់គេចខ្លួន នេះបើតាមការថ្លែងឱ្យដឹងរបស់លោក Matt Henderson អ្នកនាំពាក្យប៉ូលីសក្រុង Beaverton ។
លោក Matt Henderson បាននិយាយទៀតថា លោកចោរបានដើរចូលក្នុង ហើយក៏បើកឡានចេញទៅ ស្រាប់តែពេលគេចេញបានបន្តិចក៏ឃើញកូនក្មេងអាយុ៤ឆ្នាំនៅក្នុងឡាន គេក៏បើកឡានត្រឡប់មករកម្ចាស់ឡានវិញ ហើយបញ្ជាឱ្យស្រ្តីម្ចាស់ឡានប្រញាប់យកកូនចេញពីឡាន ស្តីថាឱ្យម្ចាស់ឡានថាមិនមើលកូន និងរកប្តឹងប៉ូលិសឱ្យចាប់ខ្លួនស្រ្តីជាម្តាយដែលទុកកូនចោល មុនបើកឡានរត់គេចខ្លួន ។ យើងអរគុណលោកចោរចិត្តជានេះដែលចេះនឹកឃើញយកកូនក្មេងមកឱ្យម្តាយគេវិញ ។
តាមការឱ្យដឹងរបស់ប៉ូលិស កូនក្មេងតូចនោះមិនមានគ្រោះថ្នាក់អ្វីឡើយ ។
ចោរកម្មនេះបានកើតឡើងនៅផ្សារលក់សាច់មួយក្នុងក្រុង Beaverton ជាទីដែលស្រ្តីម្ចាស់ឡាន អ្នកស្រី Crystal Leary បានចតឡាន និងមិនបានចាក់សោរឡាន ហើយទុកកូនសោរក្នុងឡាន ហើយក៏ដើរហាងបន្តិចដើម្បីរកទិញសាច់និងទឹកដោះគោឱ្យកូន ។
អ្នកស្រី Crystal Leary បានថ្លែងប្រាប់ CNN ថា “ក្នុងនាមជាម្តាយ យើងមមាញឹកខ្លាំងណាស់ ហើយពេលខ្លះយើងគិតថាយើងគិតថាយើងគ្រាន់តែទុកកូនចោលមួយភ្លែតដើម្បីរត់ទៅធ្វើការនេះការនោះបន្តិច ។ ករណីរបស់ខ្ញុំនេះ ជាឧទាហរណ៍មួយបង្ហាញថាការធ្វើធ្វេសប្រហែសតែបន្តិចអាចធ្វើឱ្យយើងស្តាយក្រោយអស់មួយជីវិត ។”
អ្នកស្រី Crystal Leary បន្ថែមទៀតថា “ខ្ញុំអរគុណព្រះដែលចោរមិនបានធ្វើបាបកូនខ្ញុំ ។ ខ្ញុំបានធ្វើរឿងដ៏លីលាបំផុត ហើយខ្ញុំនឹងមិនធ្វើយ៉ាងនេះទៀតទេ ។”
ឡានដែលចោរលួចនោះត្រូវបានរកឃើញវិញនៅពីរបីម៉ោងក្រោយមកនៅក្រុង Portand ប្រហែល១០ គីឡូម៉ែត្រពីកន្លែងកើតហេតុ ។ យោងតាម លោក Matt Henderson ប៉ូលិសនៅតែតាមស្វែងរកចាប់ខ្លួនចោរម្នាក់នោះ ។
ដោយ៖ បូ សល់