ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទថ្នមប្តីដែលបុព្វបុរសខ្មែរកសាងឡើងនៅមុនសម័យអង្គរ មានទីតាំងនៅក្បែរជើងភ្នំទូកមាស ស្ថិតនៅផ្នែកខាងកើតក្នុងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង ត្រូវជនខិលខូចមកជីកកកាយរកកំណប់បុរាណនិងទីទួលប្រាសាទមានស្មៅ និងព្រៃដុះទ្រុមទ្រុល បាំងបិតតួ ប្រាសាទគ្មានអ្នកថែ ។
ភ្ញៀវទេសចរបាន សំណូមពរដល់អាជ្ញាធរឃុំស្រុកនិងមន្ទីរ វប្បធម៌ខេត្ត ដែលជាអ្នកថែរក្សាការពារ និងគ្រប់គ្រងប្រាសាទបុរាណនៅក្នុងខេត្តកំពង់ឆ្នាំងមេត្តាជួយចុះទៅពិនិត្យមើល ដើម្បីជួយមានវិធានការណ៍គ្រប់គ្រងថែរក្សាការពារប្រាសាទថ្នមប្តី១គូនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ បានស្គាល់ និងបានសិក្សាស្វែងយល់ អំពីស្នាដៃដូនតាខ្មែរយើងផងចុះ។
ទាក់ទងបញ្ហានេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃចន្ទទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ បានឱ្យដឹងថា នៅក្នុងស្រុកកំពង់លែងគឺមានឆ្មាំប្រាសាទម្នាក់ដែលមានតួនាទីថែរក្សាការពារប្រាសាទ ដូច្នេះរឿងខាងលើនេះ លោកនឹងបញ្ជាឱ្យឆ្មាំប្រាសាទនោះចុះទៅពិនិត្យមើលជាបន្ទាន់ និងដាក់វិធានការណ៍ម៉ឺងម៉ាត់ឱ្យឆ្មាំរូបនេះ ខិតខំថែរក្សាការពារប្រាសាទថ្នមប្តីខាងលើនេះ ឱ្យបានល្អប្រសើរឡើងវិញមិនឱ្យបាក់បែកខូចខាតដោយសារជនខិលខូចនោះទេ ៕
អត្ថបទដោយ៖ ស្រេង ចំរើន