វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកទើបចូលកាន់តំណែងថ្មីៗនេះ លោក ចូ បៃដិន បានប្រាប់ថាលោក ដូណាល់ត្រាំ ប្រធានាធិបតីទើបផុតអាណត្តិ បានទុកលិខិតដែលមានអត្ថន័យដ៏ថ្លៃថ្នូរមួយជូនលោក មុននឹងចាកចេញពីសេតវិមាន។
វាជាទម្លាប់ទៅហើយ ប្រធានាធិបតីចាស់សរសេរលិខិតទុកឲ្យអ្នកស្នងតំណែងមុននឹងចាកចេញ។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា លោកអតីតប្រធានាធិបតីពិតជាបានសរសេរលិខិតមួយនេះ ហើយបានបញ្ជាក់ថា លិខិតនេះ «វាពិតជាថ្លៃថ្នូរណាស់» ប៉ុន្តែដោយសារតែលិខិតជារឿងឯកជន លោកនឹងមិនរៀបរាប់អំពីខ្លឹមសារនោះទេ។
ទោះជាយ៉ាងណាក្ដី លោក ដូណាល់ត្រាំ បានរំលោភលើទំនៀមទម្លាប់របស់អតីតប្រធានាធិបតីទាំងឡាយ គឺលោកមិនបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីចូ បៃដិន នោះទេ លើយលោកព្រមទាំងមិនបានចេញសារអបអរសាទរជាផ្លូវការចំពោះជ័យជំនះរបស់លោកបៃដិន ដែរ ។
រីឯលោក ប្រធានាធិបតីថ្មី ចូ បៃដិន វិញ បាននិយាយថា លោកគ្រោងនឹងជួបជជែកជាមួយលោក ត្រាំ ។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយរៀបចំឡើងកាលពីល្ងាចថ្ងៃទី២០ មករា លោកស្រី Jen Psaki លេខាធិការទទួលបន្ទុកផ្នែកសារព័ត៌មាននៃសេតវិមានក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកស្រីពិតជាបាននៅជាមួយនឹងលោក បៃដិន នៅពេលដែលគាត់កំពុងអានលិខិតមួយនេះនៅក្នុងការិយាល័យ Oval Office មុនពេលចុះហត្ថលេខាលើឯកសារមួយចំនួនក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក។
អត្ថបទ៖ ម៉ីស៊ិន