Washington (Reuters)៖ នៅថ្ងៃចន្ទទី ២៥ ខែមករា ឆ្នាំ២០២១ នេះ លោកអតីតៈប្រធានាធិបតី ដូណាល់ ត្រាំ បានបើកការិយាល័យថ្មីមួយនៅរដ្ឋផ្លរីដា ដែលនឹងជាកន្លែងដែលលោកធ្វើការបំពេញតួនាទីក្នុងនាមជាអតីតៈប្រធានាធិបតីអាមេរិក និងជាកន្លែងដែលលោកអាចបន្តទទួលរបៀបវារៈនៃរដ្ឋការរបស់លោកផងដែរ ។
សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា “ការិយាល័យអតីតៈប្រធានាធិបតីនេះ នឹងមាននាទីទទទួលខុសត្រូវគ្រប់គ្រងពិនិត្យឯកសារចេញចូលរបស់លោកប្រធានាធិបតីត្រាំ ចេញសេចក្តីថ្លែងការសាធារណៈ វត្តមានលោកប្រធានាធិបតី និងកិច្ចការផ្លូវការដែលបម្រើឱ្យផលប្រយោជន៍សហរដ្ឋអាមេរិក និងដើម្បីបន្តដំណើរការធ្វើការរបស់រដ្ឋការត្រាំតាមរយៈការតស៊ូមតិ ការរៀបចំសម្របសម្រួល និងសកម្មភាពសាធារណៈនានា ។”
ត្រាំបានថ្លែងក្នុងសុន្ទរកថាលាអ្នកគាំទ្រក្នុងថ្ងៃចុងក្រោយក្នុងនាមជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃពុធនេះថា “ពួកយើងនឹងត្រឡប់មកវិញក្នុងបែបផែនណាមួយ ។”
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃដែលលោកធ្វើដំណើរតាមយន្តហោះទៅកាន់រមណីយដ្ឋានផ្ទាល់ខ្លួន Mar-a-Lago នៅទីក្រុង Palm Beach រដ្ឋ Florida មក លោកដូណាល់ ត្រាំមិនបានបង្ហាញខ្លួនជាសារធារណៈនៅឡើយទេ ។
The Wall Street Journal បានរាយការណ៍ថា មុនពេលផុតអាណត្តិចុះពីតំណែង លោកត្រាំបានជជែកជាមួយសហការីមួយចំនួនអំពីការបង្កើតគណៈបក្សនយោបាយថ្មីមួយ ដែលមានឈ្មោះថា គណៈបក្សអ្នកជាតិនិយម (The Patriot Party) ។
មុនពេលចុះចេញពីតំណែង លោកប្រធានាធិបតីត្រាំបានព្យាយាមតវ៉ាទាមទារឱ្យមានការច្រានចោលលទ្ធផលបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកាដែលលោកត្រូវចាញ់ឆ្នោតលោក ប្រធានាធិបតីថ្មី ចូ បៃដិន ។ ត្រាំបានអះអាងដោយមិនមានភស្តុតាងច្បាស់លាស់ថា មានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើននៅទូទាំងប្រទេស ។
ដោយ៖ បូ សល់