អាល្លឺម៉ង់៖ ភាគហ៊ុនដែលបានចុះបញ្ជី នៅប្រទេសអាល្លឺម៉ង់ របស់ក្រុមហ៊ុន Twitter បានធ្លាក់ចុះដល់ទៅ៨ភាគរយ នៅព្រឹកថ្ងៃអង្គារ៍នេះ, ជាថ្ងៃជួញដូរដំបូង បន្ទាប់ពីក្រុមហ៊ុននេះ បានផ្អាកជាអចិន្ត្រៃយ៍ លើគណនីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃចន្ទ, នេះបើយោងតាមសារព័ត៌មានចិន សុីន ហួរ ចុះផ្សាយនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
ក្រុមហ៊ុនបានឲ្យដឹងថា ការផ្អាកគណនីលោកត្រាំ, ដែលមានអ្នកតាមដានជាង៨៨លាននាក់នោះ, ត្រូវបានធ្វើឡើង ដោយសារតែមានហានិភ័យបន្ថែមទៀត នៃអំពើហិង្សា, ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយ នៅសភាអាមេរិក កាលពីថ្ងៃពុធ។
គិតត្រឹមម៉ោង៥ព្រឹកថ្ងៃអង្គារ៍ ទី១២ ខែមករា ឆ្នាំ២០២០ នេះ, ភាគហ៊ុនដែលបានចុះបញ្ជីនៅអាមេរិក របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ក៏បានធ្លាក់ចុះ៦,៨ភាគរយផងដែរ មកនៅត្រឹមតម្លៃ៤៧,៩៤ដុល្លារក្នុងមួយហ៊ុន នៅក្នុងការជួញដូរមុនទីផ្សារ។
គួរជម្រាបដែរថា នេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុន Twitter បានហាមឃាត់គណនីរបស់ប្រមុខរដ្ឋ, កំពុងបង្កឲ្យមានភាពចម្រូងចម្រាស នៅទូទាំងពិភពលោក ជុំវិញឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ដែលអាចមានលើការបញ្ចេញមតិ និងប្រជាធិបតេយ្យដោយសេរី។
ដោយ៖ បូ សល់