(AP)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានរិះគន់យ៉ាងធ្ងន់ៗចំពោះការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ដោយមិនស្មើភាពគ្នានិងដោយអយុត្តិធម៌បំផុតកាលពីថ្ងៃពុធទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលោកបានថ្លែងថា ប្រទេសចំនួន១០បានចាក់វ៉ាក់សាំងចំនួន៧៥ភាគរយនៃវ៉ាក់សាំងទាំងអស់ ហើយលោកទាមទារឱ្យមានការខិតខំប្រឹងប្រែងជាសកលមួយក្នុងការចាក់វ៉ាក់សាំងឱ្យប្រជាជនគ្រប់ជនជាតិទាំងអស់ឱ្យបានកាន់តែឆាប់បំផុត ។
នាយកអង្គការសហប្រជាជាតិរូបនេះបានថ្លែងប្រាប់កិច្ចប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រទេសចំនួន ១៣០ មិនទាន់បានទទួលវ៉ាក់សាំងសូម្បីតែ ១ដូសនៅឡើយទេ ហើយលោកថែមទាំងប្រកាសថា ក្នុងពេលដ៏សំខាន់នេះសមធម៌វ៉ាក់សាំងគឺជាការធ្វើតេស្តខាងសីលធម៌ដ៏ធំបំផុតនៅចំពោះមុខសហគមន៍ពិភពលោក ។
លោកAntonio Guterresបានអំពាវនាវឱ្យមានការរៀបផែនការវ៉ាក់សាំងសកលបន្ទាន់មួយដើម្បីបង្រួបបង្រួមអ្នកមានសិទ្ធិអំណាចដូចជាអ្នកវិទ្យាសាស្រ្ត ក្រុមហ៊ុនផលិតវ៉ាក់សាំង និងអ្នកផ្តល់ថវិការសម្រាប់កិច្ចប្រឹងប្រែងនេះ ក្នុងការធានាឱ្យមានការចែកចាយវ៉ាក់សាំងដោយសមធម៌ ។
លោកក៏បានអំពាវនាវដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២០ ដែលហៅថា G20 ឱ្យរួមគ្នាបង្កើតក្រុមការងារសង្រ្គោះបន្ទាន់មួយដើម្បីរៀបផែនការនិងសម្របសម្រួលការអនុវត្តផ្ទាល់ និងរៀបចំផ្នែកហិរញ្ញវត្ថុ ។
លោកAntonio Guterresថ្លែងថា កិច្ចប្រជុំកាលពីថ្ងៃសុក្រនៃក្រុមប្រទេសឧស្សាហកម្មធំៗទាំង៧ (G7) ដែលរួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន អង់គ្លេស បារាំង កាណាដា និងអ៊ីតាលី អាចបង្កើតសន្ទុះដើម្បីប្រមូលធនធានហិរញ្ញវត្ថុចាំបាច់នានា ។
គួរបញ្ជាក់ផងដែរថា មនុស្សសរុបជាង ១០៩លាននាក់បានឆ្លងជំងឺកូវីដ១៩ ហើយក្នុងនោះមាននាក់ស្លាប់យ៉ាងតិចណាស់ ២លាន ៤សែននាក់ ។
ដោយ៖ បូ សល់