(AP)៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយ នៅថ្ងៃអាទិត្យទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានព្រមានថាប្រជាជនយេម៉ែនជាង ១៦លាននាក់នឹងជួបគ្រោះអត់ឃ្លាននៅឆ្នាំនេះ ដោយមានប្រជាជនប្រមាណកន្លះលាននាក់រួចទៅហើយនៅក្នុងប្រទេសដែលត្រូវហែកហួរដោយសង្គ្រាមនេះកំពុងរស់នៅក្នុងស្ថានភាពដូចទុរភិក្ស ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ឬហៅកាត់ថា OCHA បាននិយាយថា ហានិភ័យនៃភាពអត់ឃ្លានទ្រង់ទ្រាយធំនៅក្នុងប្រទេសក្រីក្របំផុតនៃដំបន់អារ៉ាប់មិនដែលមានសភាពធ្ងន់ធ្ងរជាងនេះទេ ដោយបន្ថែមថាជម្លោះរ៉ាំរ៉ៃរាប់ឆ្នាំ ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច និងការដួលរលំនៃស្ថាប័ននានានាំឱ្យប្រទេសនេះត្រូវការមនុស្សធម៌ដ៏ធំសម្បើមគ្រប់វិស័យទាំងអស់ ។
ការព្រមានដ៏គួរឱ្យភ្ញាក់ផ្អើលនេះកើតឡើងមួយថ្ងៃមុនសន្និសីទដែលសហការរៀបចំដោយប្រទេសស៊ុយអែត និងស្វីស ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres នឹងអំពាវនាវរកជំនួយសង្គ្រោះចំនួន ៣, ៨៥ ពាន់លានដុល្លារសម្រាប់ប្រទេសយេម៉ែននៅឆ្នាំនេះ ។
ការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់អង្គការសហប្រជាជាតិនេះមិនទំនងជាបានសម្រេចតាមការរំពឹងទុកនោះទេ ព្រោះថាការរាតត្បាតនៃជំងឺកូវីដ ១៩ និងផលវិបាកដ៏សាហាវរបស់វាបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជុំវិញពិភពលោក ។ ម្ចាស់ជំនួយឈូងសមុទ្រដែលមានទ្រព្យសម្បត្តិច្រើនដូចជាអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមដែលបានផ្តល់វិភាគទានយ៉ាងច្រើនតាមការអំពាវនាវរកជំនួយរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០១៨ និង ២០២៩ បានកាត់បន្ថយជំនួយយ៉ាងច្រើនដល់ប្រទេសយេម៉ែនកាលពីឆ្នាំមុន ។
សង្រ្គាមនៅយេម៉ែនបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូទីបានដណ្តើមកាន់កាប់រដ្ឋធានីសាណានិងមួយភាគធំនៃភាគខាងជើងប្រទេស ។ ក្រុមសម្ពន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងគាំទ្រដោយសហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ជាច្រើនខែក្រោយមកដើម្បីរំសាយក្រុមឧទ្ទាម និងស្តាររដ្ឋាភិបាលដែលអន្តរជាតិទទួលឡើងវិញ ។ ជម្លោះនេះបានសម្លាប់មនុស្សប្រមាណ ១៣០.០០០នាក់ និងបានបង្កគ្រោះមហន្តរាយមនុស្សដ៏អាក្រក់បំផុតរបស់ពិភពលោក ។
សន្និសីទនៅថ្ងៃចន្ទនេះកើតឡើងនៅពេលដែលក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់បានបន្តការវាយលុកទៅលើខេត្តម៉ារីបភាគកណ្តាល ហើយបង្កឱ្យមានការភ័យខ្លាចចំពោះវិបត្តិមនុស្សធម៌ថ្មីនៅក្នុងតំបន់ដែលមានប្រជាជនភៀសខ្លួនច្រើនជាងគេនៅក្នុងប្រទេសនេះ បើយោងតាមអាជ្ញាធរមូលដ្ឋាន ។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ ខេត្តម៉ារីបបានដើរតួនាទីជាជម្រកសម្រាប់ប្រជាជនយេម៉ែនប្រមាណ ១លាននាក់ដែលបានភៀសខ្លួនពីការវាយលុករបស់ក្រុមឧទ្ទាមហ៊ូទីចាប់តាំងពីចាប់ផ្តើមសង្រ្គាមមក ។
ដោយ៖ បូ សល់