ភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ចេញសេចក្តីប្រកាសព័ត៌មាន មួយថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាឥស្សរជនជាន់ខ្ពស់ ដែលមានអាយុ ចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ៤ទីតាំង។
ទីតាំងទាំងនោះ រួមមាន ទី១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជន ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ មានឋានៈស្មើ, ទី២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬ មានឋានៈស្មើ, ទី៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជន ជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងមន្ទីរពេទ្យកុមារជាតិ សម្រាប់ អ្នកសារព័ត៌មាន។
សូមជម្រាបថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ មានឈ្មោះ Sinopharm ដែលជាអំណោយរបស់ សាធារណរដ្ឋប្រជាមានិតចិន ដល់ព្រះរាជាណាចក្រកម្ពុជា ដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ៕
ប្រភព៖ CPC
សម្រួលអត្ថបទ៖ បូ សល់