Moscow (AP)៖ក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីបានថ្លែងថា វ៉ាក់សាំងSputnik V របស់ប្រទេសខ្លួនហាក់ដូចជាមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីត ១៩ ។ នេះបើយោងតាមលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវជាន់ខ្ពស់ដែលចេញផ្សាយនៅថ្ងៃអង្គារទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយទិនានុប្បវត្តិវេជ្ជសាស្រ្តអង់គ្លេសមួយ ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ផ្អែកលើការសាកល្បងរបស់ពួកគេ ដែលមានមនុស្សចូលរួមប្រមាណ ២០ ០០០ នាក់ នៅប្រទេសរុស្ស៊ីកាលពីរដូវស្លឹកឈើជ្រុះបានបង្ហាញថា វ៉ាក់សាំងSputnik V មានប្រសិទ្ធភាពប្រហែល ៩១% ហើយវ៉ាក់សាំងនេះក៏ទំនងជាជួយការពារមិនឱ្យកើតកូវីតកម្រិតធ្ងន់ធ្ងរផងដែរ ។
អ្នកវិទ្យាសាស្រ្តអង់គ្លេស លោកIan Jones និង លោក Polly Royក្នុបានថ្លែងងសំណេរអធិប្បាយអមមួយថា “លទ្ធផលនៃការសិក្សាជ្រាវស្រាវដែលបានរាយការណ៍នេះគឺច្បាស់លាស់ណាស់ ។ ពិភពលោកយើងមានវ៉ាក់សាំងមួយទៀតហើយដែលអាចចូលរួមប្រយុទ្ធប្រឆាំងនឹងការកើតឡើងនៃជំងឺកូវីត ។”
រដ្ឋាភិបាលរុស៊្សីបានទទួលស្គាល់និងអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងSputnik Vកាលពីខែសីហា ឆ្នាំ ២០២០។ លោកប្រធានាធិបតីរុស្ស៊ី វ្លាដឺមៀរ ពូទីនបានផ្សាដំណឹងនេះដោយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិ ហើយលោកថែមទាំងបាននិយាយថា កូនស្រីរបស់លោកម្នាក់បានចាក់វ៉ាក់សាំងSputnik Vរួចហើយ ដែលកាលនោះវ៉ាក់សាំងនេះទើបតែបានធ្វើការសាកល្បងលើមនុស្សតែ៥០-៦០ នាក់តែប៉ុណ្ណោះ ។
ការស្រាវជ្រាវនេះបានបង្ហាញថា វ៉ាក់សាំងSputnik V មានផលប៉ះពាល់ (Side Effect) តិចទូចដូចជាមានអាការៈដូចមានជំងឺផ្តាសាយ ឈឺត្រង់កន្លែងចាក់ និង អស់កម្លាំង ។ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយទេ ។
ការសិក្សាស្រាវជ្រាវនេះបានដាក់បញ្ចូលមនុស្សចាស់អាយុចាប់ពី ៦០ឡើងចំនួន ២ ១០០ នាក់ ហើយវ៉ាក់សាំងមានប្រសិទ្ធភាពរហូតដល់ ៩២%សម្រាប់មនុស្សចាស់ ។
ដោយ៖ បូ សល់