សម្រាប់ខេត្តសៀមរាប មុនវិបត្តិកូវីដ-១៩ តម្រូវការបន្លែក្នុងខេត្ត មានចន្លោះពី ៦០ ទៅ ៨០តោន ក្នុងនោះ ៨០% ផ្គត់ផ្គង់ដោយកសិករក្នុងខេត្ត និង២០%ទៀតនាំចូលពីបណ្ដាខេត្តក្នុងប្រទេស និងមកពីបរទេស។ ទោះបីក្នុងវិបត្តិកូវីដ-១៩ ការទទួលទានបន្លែជាអាហារក៏ពុំសូវមានការធ្លាក់ចុះប៉ុន្មានដែរ នេះបើតាមការបង្ហាញពីលោកពុត លឿម អនុប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងកម្មវិធីសន្ទនាមតិ។
លោក ក៏បានបញ្ជាក់បន្ថែមផងដែរថា សម្រាប់ទីផ្សារបន្លែសុវត្ថិភាព មន្ទីរកសិកម្មខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត រួមនិងស្ថាប័នពាក់ព័ន្ធ បានបង្កើតជាផ្សារចុងសប្ដាហ៍ក្នុងក្រុង ដែលជាទីកន្លែងណាត់ជួបរវាងអ្នកទិញ និងអ្នកលក់ផ្ទាល់ផងដែរ។ លើសពីនោះ គម្រោងអាស្ប៉ាយ គម្រោងបឹងទន្លេសាប និងគម្រោងលាភ ដែលសុទ្ធតែជាគម្រោងលើកកម្ពស់ជីវភាព ប្រជាកសិករ នៅតាមក្រុង ស្រុកទាំង១២ របស់ខេត្តសៀមរាប បានណែនាំ ឲ្យមានការបង្កើតបណ្ដុំកសិករ និងអាជីវករលក់ផលិតផលកសិកម្ម ដែលមានក្រុមអ្នករកទីផ្សារ ដើម្បីធ្វើយ៉ាងនាំយកផលដំណាំរបស់ប្រជាកសិករ ទៅដល់ដៃម្ចាស់អាជីវកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព។ ដោយឡែក កសិករដែលមិនទាន់មានក្រុម ឬសហគមន៍កសិកម្ម ពួកគាត់អាចទំនាក់ទំនងអ្នកដែលនៅក្នុងបណ្ដុំកសិករទាំងនោះ ដើម្បីបំពេញលក្ខខណ្ឌចូលជាសមាជិក។
ទាក់ទងទៅនឹងការដាំដុះបន្លែ ឲ្យស្របតាមតម្រូវការទីផ្សារ លោក ពុត លឿម បានសំណូមពរដល់ប្រជាកសិករ គួរសាកសួរព័ត៌មានពីតម្រូវការបន្លែលើទីផ្សារ ពីអ្នកជំនាញជុំវិញខ្លួនជាមុនសិន ចៀសវាងការខាតបង់នៅពេលទទួលផល។
ដោយ៖ បូ សល់